លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ គោរពតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រសើរជាងគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈមន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្គ្រោះជាតិ ជម្រុញអោយ អ្នកនយោបាយគ្រប់រូប ធ្វើការដោះស្រាយបញ្ហានយោបាយដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១ ) បានដាក់បញ្ជូលនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ ដូច្នេះមិនចាំបាច់ត្រូវគោរពទៀតនោះទេ ខណៈមន្រ្តីអង្គការសិទ្ធិមនុស្ស និងអតីតតំណាងរាស្ត្រនៃអតីតគណបក្សប្រឆាំង ជម្រុញអោយថ្នាក់ដឹកនាំ ក៏ដូចជាអ្នកនយោបាយគ្រប់រូប ធ្វើការដោះស្រាយបញ្ហានយោបាយដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ នៃខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ ១៩៩១ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ នេះ ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា បានដាក់បញ្ចូលរួចអស់ហើយក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដូច្នេះកម្ពុជា ត្រូវគោរពតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រសើរជាងគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកមិនធ្វើការអធិប្បាយអ្វីច្រើននោះទេ ពាក់ព័ន្ធនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងមួយនេះ ដោយលោកនឹងរង់ចាំមើលការបញ្ចេញមតិផ្សេងៗពីក្រុមអ្នកវិភាគ ឬមតិសាធារណៈមួយចំនួន ក្នុងការបើកស្រាយទៅលើខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ។
តែទោះជាយ៉ាងណា យោងតាមកិច្ចសម្ភសន៍ជាមួយកាសែត The Cambodia Daily កាលពីថ្ងៃទី ២០ខែ តុលា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ បានបញ្ជាក់ថា លោក កឹម សុខា នៅតែប្រកាន់ជំហរអហឹង្សា ដោយដោះស្រាយបញ្ហានយោបាយដោយសន្តិវិធី ជាពិសេសការគោរពអោយបាននូវខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមិនយកខ្មែរណាជាសត្រូវ ដោយត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ ជាធំ ។
ជាមួយគ្នានោះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ផងដែរ បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ជាគំនូសមួយ ដ៏មានសារសំខាន់ សម្រាប់កំណត់អោយប្រជាពលរដ្ឋ អ្នកដឹកនាំ ជាពិសេសអ្នកនយោបាយ ខ្មែរគ្រប់រូប អនុវត្តតាមកិច្ចព្រមព្រៀងនេះ ក៏ប៉ុន្តែ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កម្ពុជា ហាក់មិនទាន់បានគោរព និងអនុវត្តន៍ទៅលើកិច្ចព្រមព្រៀងមួយនេះ បានខ្ជាប់ខ្ជួននៅឡើយនោះទេ ដោយកម្ពុជា កំពុងតែជួបប្រទះបញ្ហានយោបាយ ការរំលោភសិទ្ធិមនុស្ស ជាពិសេសថ្មីៗនេះ គឺការគំរាមគំហែងទៅលើសកម្មជននៃអតីតបក្សសង្គ្រោះជាតិ ជាដើម
លោក អ៊ូ ច័ន្ទរ័ត្ន បានស្នើអោយអ្នកនយោបាយខ្មែរគ្រប់ភាគី ត្រូវងាកមកគោរព និងអនុវត្តន៍អោយបាននូវស្មារតី នៃខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា វិញ ដើម្បីធានារក្សាការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជៀសវាងមានជម្លោះខ្មែរ និងខ្មែរ តទៅទៀត ដោយត្រូវរក្សាអោយបាននូវសាមគ្គីភាពជាតិ ឯកភាពជាតិ និងនីតិរដ្ឋសម្រាប់កម្ពុជា ផងដែរ ។
ស្រដៀងគ្នានេះ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូ បានលើកឡើងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ជាកិច្ចព្រមព្រៀងមួយ ក្នុងការបញ្ចប់រាល់សង្គ្រាមស៊ីវិល ក៏ដូចជាជម្លោះនយោបាយទាំងអស់របស់កម្ពុជា កាលពីឆ្នាំ ១៩៩១ ដូច្នេះលោក អំ សំអាត ចោទសួរថា បច្ចុប្បន្ននេះ គ្រាន់ជាការវិបត្តិនយោបាយ ប៉ុណ្ណោះ ចុះហេតុអ្វីបានជាអ្នកនយោបាយគ្រប់ភាគី មិនអាចធ្វើការដោះស្រាយគ្នាដោយសន្តិវិធី ដោយគោរពតាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា នេះបាន ??
តែយ៉ាងណា មន្ត្រីនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានគូសបញ្ជាក់ដែរថា ការរំលាយចោលអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ជាការអនុវត្តច្បាប់របស់កម្ពុជាចំពោះក្រុមណាដែលប្រព្រឹត្តល្មើសច្បាប់ មិនមែនជាការរំលោភទៅលើលទ្ធិប្រជាធិបតេយ្យនោះទេ ដោយលោក សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យ ត្រូវដើរស្របនឹងនីតិរដ្ឋ ហើយក៏ស្របគ្នាទៅនឹងគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ ។
សូមជម្រាបថា បន្ទាប់ពីការធ្វើសង្គ្រាមប្រឆាំងគ្នា ទៅវិញទៅមក រវាងខ្មែរ និងខ្មែរ ភាគីជម្លោះទាំងអស់ បានព្រមគ្នាវិលចូលតុចរចារកសន្តិភាព នៅឆ្នាំ១៩៩១ ដោយមានការជំរុញពីមហាអំណាចទាំង ៥ និង មានប្រទេសផ្សេងៗ ជាសាក្សី ។ ទីបំផុត ភាគីជម្លោះទាំងអស់ ដែលមាន ៤ ភាគី គឺ ភាគីរដ្ឋកម្ពុជា ឬរបបក្រុងភ្នំពេញ របស់រណសិរ្យ ២ ធ្នូ ភាគីចលនាអ្នកតស៊ូខ្មែររាជានិយមហ្វ៊ុនស៊ុនប៉ិចរបស់សម្តេចព្រះ នរោត្តម សីហនុ ភាគីរណស្សិជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន និង ភាគីកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ផ្សេងទៀត ធ្វើជាសាក្សី ក្នុងនោះប្រទេសបារាំង និង ឥណ្ឌូនេស៊ី ធ្វើជាសហប្រធាន នៃសន្និសីទនោះ។
កិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ គឺជា កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ព នៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការ សហប្រជាជាតិ នៅកម្ពុជា (អ៊ុនតាក់ = UNTAC)រៀបចំការបោះឆ្នោត សកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់ប្រទេសកម្ពុជា។
លើសពីនេះ គឺការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈ ការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងភាពពុំអាចរំលោភ បំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃ ប្រទេសកម្ពុជា ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!