សកម្មជនព្រៃឈើ ៖ ចាប់ខ្លួនក្រុមឧក្រិដ្ឋជនរកស៊ីកាប់បំផ្លាញព្រៃឈើ មកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ជាធរមាន ប្រសើរជាងការអំពាវនាវអោយពលរដ្ឋ ដាំដើមឈើឡើងវិញ
សកម្មជនការពារព្រៃឈើ និងបរិស្ថាន លើកឡើងថា ក្រសួងបរិស្ថាន ត្រូវមានការទទួលខុសត្រូវចំពោះការបាត់បង់ធនធានព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ដោយក្រសួង ត្រូវតែចុះបង្ក្រាប ក៏ដូចជាធ្វើការចាប់ខ្លួនក្រុមឧក្រិដ្ឋជនរកស៊ីកាប់បំផ្លាញព្រៃឈើ មកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ជាធរមាន ប្រសើរជាងការអំពាវនាវអោយពលរដ្ឋ ដាំដើមឈើឡើងវិញ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អោយពលរដ្ឋចូលរួមដាំដើមឈើឡើងវិញ នៅតាមទីសាធារណៈ ដូចជា វត្តអារាម សាលារៀន ជាដើមនោះ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ លើកទឹកចិត្តចំពោះការបំផុតអោយពលរដ្ឋចូលរួមចំណែកដាំដើមឈើឡើងវិញ ក៏ដូចជាការបណ្ដុះស្មារតីអោយពលរដ្ឋចេះស្រលាញ់បរិស្ថាន ក៏ប៉ុន្តែជាមួយនឹងការអំពាវនាវនេះ លោក ហេង ស្រស់ បានលើកឡើងថា ក្រសួងបរិស្ថាន ត្រូវតែមានការទទួលខុសត្រូវចំពោះការបាត់បង់ព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ដោយក្រសួងបរិស្ថាន គួរតែយកការអំពាវនាវនេះ ចុះទៅបង្ក្រាប និងទប់ស្ដាត់រាល់បទល្មើសកាប់បំផ្លាញព្រៃឈើ ពីសំណាក់ក្រុមឈ្មួញរកស៊ី ដែលមានងារជាឧកញ៉ា អោយមានប្រសិទ្ធភាពជាងនេះ ប្រហែលជាប្រសើរជាង ។
លោក ហេង ស្រស់ បានអះអាងដែរថា មកទល់នឹងថ្ងៃនេះ ការចុះបង្ក្រាបបតល្មើសព្រៃឈើ ពីសំណាក់ក្រសួងស្ថាប័ន ជាពិសេសគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក សៅ សុខា ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ ខណៈការចុះបង្ក្រាបបទល្មើសព្រៃឈើ កាលពីកន្លងទៅ គឺជាការបង្ក្រាបនៅក្នុងរដូវវស្សា ដែលក្រុមឧក្រិដ្ឋជនរកស៊ីឈើ ភាគច្រើន មានការផ្អាកសកម្មភាពរបស់ខ្លួន ផងដែរនោះ ដូច្នេះលោក ហេង ស្រស់ ចាត់ទុកថា លទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើ កន្លងមក ជាលទ្ធផលបានអំពីមេឃ តែប៉ុណ្ណោះ ។
ជាមួយគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក និងជាសកម្មជនបរិស្ថាន បានលើកឡើងថា ការអំពាវនាវ អោយពលរដ្ឋដាំដើមឈើនៅតាមទីសាធារណៈ មិនទាន់បានឆ្លើយតបនឹងការបាត់បង់ធនធានព្រៃឈើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្រុមឧក្រិដ្ឋជន បានកាប់បំផ្លាញនោះទេ ហេតុដូច្នេះលោក ប៊ុណ្ណារ៍ បានជម្រុញអោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នជំនាញ ត្រូវតែមានការថែរក្សា អភិរក្សព្រៃឈើធម្មជាតិ អោយបានគង់វង្ស រួមទាំងត្រូវមានយន្តការ ឬវិធានការច្បាប់អោយបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមឧក្រិដ្ឋជន ដែលកាប់បំផ្លាញព្រៃឈើ ដ៏មានតម្លៃរបស់កម្ពុជា ។
តែទោះជាយ៉ាងណា លោក ប៉ែន ប៊ុណ្ណារ៍ នៅតែទទូចអោយរាជរដ្ឋាភិបាល ត្រូវតែលុបបំបាត់អោយបាននូវការប្រព្រឹត្តអំពើពុករលួយ នៅក្នុងបទល្មើសព្រៃឈើនេះ ដោយលោក គូសបញ្ជាក់ថា ការប្រព្រឹត្តអំពើពុករលួយ ក្នុងបទល្មើសព្រៃឈើ ជាហេតុមួយដ៏សំខាន់ ដែលបានធ្វើអោយមានការកាប់បំផ្លាញធនធានព្រៃឈើនៅកម្ពុជា នៅតែបន្តមាន ប្រសិនបើមិនមានយន្តការច្បាស់លាស់ណាមួយ ក្នុងការទប់ស្កាត់ ឬលុបបំបាត់អំពើពុករលួយបាននោះទេ ព្រៃឈើកម្ពុជា នឹងវិនាសកម្ម ជាក់ជាមិនខាន ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី ២៦ ខែ តុលា លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមក្នុងជីវភាពប្រចាំថ្ងៃដោយដាំដើមឈើក្នុងបរិវេណសាលារៀន វត្ដអារាម និងនៅតាមសហគមន៍ ឡើងវិញ ដោយលោក នេត ភក្រ្តា ថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាននៅក្នុងជីវិតប្រចាំថ្ងៃ ដោយស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិអោយកាន់តែខ្លាំង ជាពិសេសចូលរួមដាំដើមឈើឡើងវិញ ក្នុងបរិវេណសាលា ឬវត្តអារាម និងនៅតាមសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកម្ពុជាស្អាត និងបៃតង ។
សូមជម្រាបជូនថា រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩ ចំណូលពីថ្លៃសូយសារព្រៃឈើ បានសរុបចំនួន២២ពាន់លានរៀល (ប្រមាណ៥.៥លានដុល្លារ) និងប្រាក់ដុល្លារសរុបចំនួន១២ម៉ឺនដុល្លារអាមេរិក។ របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់៩ខែ ឆ្នាំ២០១៩ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបចំនួន៦៩១ករណី ដោយពិន័យអន្តរការណ៍ចំនួន ៣៦២ករណី និងបញ្ជូនទៅតុលាការចំនួន៣២៩ករណី ។ ចំពោះវត្ថុតាងនៃបទល្មើសព្រៃឈើ ដែលបានចាប់ឃាត់ និងដកហូតរួមមាន៖ ឈើគ្រាក់ក្រញូងចំនួន ២ម៉ែត្រគូបនិង២៣១គីឡូក្រាម ឈើមូល-ជ្រងសរុបចំនួន៣៤២ម៉ែត្រគូប ឈើអារសរុបចំនួន ១,៦៧៩ម៉ែត្រគូប ផ្ទៃដីព្រៃដែលបានកាប់រានទំហំ ១,៥២២ហិកតា (ចំនួន៤៣ករណី) និងអនុផលព្រៃឈើព្រមទាំងសម្ភារផ្សេងៗទៀត ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!