អ្នកជំនាញកសិកម្ម ៖ មិនយកពន្ធដីកសិកម្ម មិនគ្រប់គ្រាន់នោះទេ ត្រូវកាត់បន្ថយពន្ធលើសម្ភារៈកសិកម្ម បង្កើនថវិកាជាតិលើវិស័យកសិកម្ម រួមទាំងផ្ដល់កម្ចីក្នុងការប្រាក់ទាបបំផុត
អ្នកជំនាញកសិកម្ម អះអាងថា ការមិនយកពន្ធលើដីកសិកម្ម គ្រាន់តែជាចំណែកតូចមួយដល់ជីវភាពរបស់ប្រជាកសិករ ប៉ុណ្ណោះ ដោយអ្នកទាំងនោះ លើកឡើងថា ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា អោយកាន់តែប្រសើរឡើងនោះ រាជរដ្ឋាភិបាល ត្រូវបង្កើនកញ្ចប់ថវិកាជាតិសម្រាប់វិស័យកសិកម្ម កាត់បន្ថយពន្ធលើសម្ភារកសិកម្ម ផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុត ជាដើម ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានលើកឡើងថា គោលនយោបាយមិនយកពន្ធលើដីកសិកម្មខ្នាតតូចរបស់ប្រជាពលរដ្ឋ ជាគោលនយោបាយមួយដ៏ប្រពៃ សម្រាប់ការលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាការជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករដែលប្រកបរបរកសិកម្មខ្នាតតូច ប៉ុន្តែលោក ថេង សាវឿន លើកទឹកចិត្ត និងគាំទ្រអោយរាជរដ្ឋាភិបាល យកពន្ធដីកសិកម្មខ្នាតធំរបស់ក្រុមហ៊ុននានា ដែលទទួលបាននូវដីសម្បទានសេដ្ឋកិច្ចរាប់រយហិចតាពីរាជរដ្ឋាភិបាល ជំនួសវិញ ដើម្បីបានចំណូលចូលជាតិ ផង និងដើម្បីយកចំណូលនោះមកជួយដល់ប្រជាកសិករខ្នាតតូច ផងដែរ ។
លើសពីនេះ លោក ថេង សាវឿន បានលើកឡើងដែរថា ការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករខា្នតតូច នាពេលនេះ មិនទាន់អាចជួយសម្រួលដល់ការចំណាយ ការលើកកម្ពស់ទីផ្សារ ក៏ដូចជាជីវភាពរស់នៅសមរម្យរបស់ប្រជាកសិករ បានគ្រប់គ្រាន់នៅឡើយនោះទេ ហេតុដូច្នេះ រាជរដ្ឋាភិបាល ត្រូវតែបង្កើននូវកញ្ចប់ថវិកាជាតិ សម្រាប់វិស័យកសិកម្មអោយមានកម្រិតខ្ពស់បន្ថែមទៀត រាជរដ្ឋាភិបាលត្រូវផ្ដល់កម្ចីដល់កសិករ ក្នុងអត្រាការប្រាក់ទាបបំផុត រួមទាំងត្រូវមានការបណ្ដុះបណ្ដាលបច្ចេសបែបកសិកម្ម សម័យទំនើប ដល់ប្រជាកសិករ ផងដែរ ។
ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុករបស់ខ្លួន បានលើកឡើងថា ការមិនយកពន្ធលើដីកសិកម្ម គ្រាន់តែជាការចូលរួមចំណែកតូចមួយដល់ជីវភាពកសិករ នោះទេ ដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានគូសបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យកសិកម្ម ក៏ដូចជាជីវភាពកសិករ រាជរដ្ឋាភិបាលត្រូវមានគោលនយោបាយកាត់បន្ថយពន្ធលើផ្នែកសម្ភារកសិកម្ម ដូចជា ជី ប្រេង គ្រឿងយន្តកសិកម្ម កាត់បន្ថយអត្រាការប្រាក់អោយនៅក្រោម ១ភាគរយក្នុង១ខែ គោលនយោបាយជួយដោះស្រាយបញ្ហាទឹក និងទីផ្សារជូនកសិករ និងធានាអោយមានគ្រូកសិកម្មល្អធ្វើការបម្រើកសិករនៅគ្រប់ភូមិ ទៀតផង ។
គូរកត់សម្គាល់ដែរថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ សុក្រ សប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា ដរាបណាគណបក្សប្រជាជននៅបន្តកាន់អំណាច នឹងមិនមានការយកពន្ធលើដីកសិករ នោះទេ ។
សូមជម្រាបជូនថា បើតាមការប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីសប្ដាហ៍មុន បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអោយដឹងថា រាជដ្ឋាភិបាល រំពឹងនឹងទទួលបានចំណូលថវិកាជាតិកើនឡើងដល់ប្រមាណជាង ៧ ៤៨៦ លានដុល្លារអាមេរិក និងគ្រោងចំណាយថវិកាជាតិក្នុងចំនួនប្រមាណជាង ៧ ៦៥៩ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០ ដោយការចំណាយចរន្តថ្នាក់ជាតិឆ្នាំ ២០២០ ត្រូវបានបែងចែកតាមវិស័យដែលគ្របដណ្ដប់លើក្រសួងស្ថាប័នសរុបចំនួន ៣៩ ។ ក្នុងនោះវិស័យសង្គមកិច្ច គ្រោងនឹងចំណាយ ៣៧,៤ ភាគរយ នៃចំណាយចរន្តជាតិគឺកើនឡើង ៨,៩ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ។ វិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គ្រោងនឹងចំណាយ ២៥,៨ ភាគរយ នៃចំណាយចរន្តជាតិដែលមានកំណើន ៩,៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ចំណាយវិស័យរដ្ឋបាលទូទៅនឹងកើន ៤,៧ ភាគរយ ខណៈចំណាយលើវិស័យសេដ្ឋកិច្ចនឹងកើន ៣,៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!