គណបក្សក្រៅក្របខណ្ឌសភា បង្ហាញការយល់ឃើញផ្សេងៗគ្នា ជុំវិញសេចក្ដីព្រាងច្បាប់ ស្ដីពី សន្ធិសញ្ញាបំពេញបន្ថែមលើសនិ្ធសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាង កម្ពុជា និងវៀតណាម
រដ្ឋសភា អនុម័តជាឯកច្ឆ័ន្ទ គ្មានការកែប្រែ លើសេចក្ដីព្រាងច្បាប់ ស្ដីពី សន្ធិសញ្ញាបំពេញបន្ថែមព្រំដែន កម្ពុជា-វៀតណាម ខណៈគណបក្សក្រៅក្របខណ្ឌសភា បង្ហាញការយល់ឃើញផ្សេងៗគ្នា ជុំវិញសេចក្ដីព្រាងច្បាប់ ស្ដីពី សន្ធិសញ្ញាបំពេញបន្ថែមលើសនិ្ធសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាង កម្ពុជា និងវៀតណាម ។
នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ម្សិលមិញនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធលើគម្រោងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម លើសនិ្ធសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញ ការសោកស្តាយជាខ្លាំង ដោយបានឃើញ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម លើសនិ្ធសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាពេលនេះ ។
ក្នុងសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា ក្នុងស្ថានភាពនយោបាយដែលប្រទេសនៅមិនទាន់មានឯកភាពជាតិ និងក្នុងពេលដែលសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពុំគួរផ្ដល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងលើបញ្ហាព្រំដែន នោះឡើយ ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានទាមទារអោយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពន្យារពេលការពិភាក្សា និងការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើ សនិ្ធសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឬ ធ្វើប្រជាមតិ លើសន្ធិសញ្ញាបំពេញបន្ថែមនេះ ផងដែរ ។
តែទោះជាយ៉ាងណា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដូចការគ្រោងទុក ក្រោមវត្តមានរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិការចំនួន ១១០រូប ដោយបានលើកយករបៀបវារៈចំនួន ៥ មកពិនិត្យ និងពិភាក្សា ។
ក្នុងនោះដែរ ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី ៦ នៃរដ្ឋសភា បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ជាឯកច្ឆ័ន្ទ គ្មានការកែប្រែ ដោយសំឡេងគាំទ្រទាំង ១១០រូប ផងដែរ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងនៅថ្ងៃនេះ ថា កន្លងទៅ ក្នុងការធ្វើបទបង្ហាញរបស់លលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកគណកម្មាធិការកិច្ចការព្រំដែន បានបង្ហាញយ៉ាងច្បាស់នូវលក្ខណៈបច្ចេកទេស ក៏ដូចជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រចំពោះជាតិ និងប្រជាជន ក្នុងការកិច្ចការកំណត់ព្រំដែនរបស់កម្ពុជា និងប្រទេសជិតខាង ដូច្នេះ លោក ពេជ្រ ស្រស់ បានលើកឡើងថា ការអនុម័តរបស់រដ្ឋសភា ទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពី សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា - វៀតណាម នាពេលនេះ លោកមិនមានមតិយោបល់អ្វីច្រើនជាងនេះទៀតទេ ។ សំឡេង ៖
លោក ពេជ្រ ស្រស់ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ត្រូវតែខិតខំបន្ថែមក្នុងកិច្ចការកំណត់ព្រំដែនអោយបានច្បាស់លាស់ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានយុត្តិធម៌ ស្មើភាព មិនចាញ់ប្រៀបប្រទេសជិតខាង ដើម្បីធានាបាននូវភាពងាយស្រួលដល់អ្នកបន្តវេនជំនាន់ក្រោយ និងធានាថា មិនអោយបាត់បង់ទឹកដីបន្ថែមទៀត ផងដែរ ។ សំឡេង ៖
សូមជម្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ២០០៥ ។
ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមខាងលើ ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានដំណើរការចុះបោះបង្គោល និង ខណ្ឌសីមាព្រំដែនគោក នៅលើដីជាក់ស្តែង ពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ សម្រេច បានលទ្ធផល៨៤% នៃបង្គោលព្រំដែនធំដែលមានចំនួន ៣៧៥បង្គោល នៅតាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមាន ប្រវែងប្រមាណជាង ១២៧០ គីឡូម៉ែត្រ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!