លោក ថោង ខុន អញ្ជើញបិទវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងដាក់ចេញទិសដៅអនុវត្ត ០៥ចំនុច ដល់អង្គវេទិកា
ក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់អោុយប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាដិនស៊ីធី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការបូកសរុប និងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួន ។
លោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវទិសដៅអនុវត្តចំនួន ៥ ដូចខាងក្រោម ៖
-ទី១៖ សូមស្នើឲ្យអង្គវេទិកាទាំងមូល ទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សូមយកនូវអនុសាសន៍ទាំង៨ចំណុច របស់ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានថ្លែងនាឱកាសបើកវេទិកាយកទៅពិចារណាអនុវត្តឲ្យបានម៉ត់ចត់ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ក្នុងករណីចាំបាច់ សូមរាយការណ៍ទៅស្ថាប័នរៀងៗខ្លួន ដើម្បីរិះរកវិធីដោះស្រាយជារួម ។
-ទី២៖ ជាមួយនឹងការដាក់ឲ្យអនុវត្តនូវគោលនយោបាយជាតិអេកូទេសចរណ៍ និងការដាក់ចេញនូវសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ សូមស្នើឲ្យអង្គវេទិកា ជាពិសេសជំនាញពាក់ព័ន្ធខាងវិស័យទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈអភិបាលរាជធានី-ខេត្ត សូមយកស្មារតីនៃឯកសារគោលទាំងពីរទៅអនុវត្ត ដោយឈរលើស្មារតីរួមមួយជាក់លាក់ គឺជួយអភិវឌ្ឍសហគមន៍ទៅតាមជំនាញរៀងៗខ្លួន ពិសេសបង្កលក្ខណៈងាយស្រួយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ ទៅក្នុងសហគមន៍ដែលមានសក្តានុពល និងបន្តជួយសហគមន៍ដែលមានស្រាប់ បើទោះបីជាសហគមន៍នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នណាក៏ដោយ។
-ទី៣៖ ដើម្បីជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ សូមស្នើឲ្យដៃគូអភិវឌ្ឍដែលធ្វើការពាក់ព័ន្ធនឹងសហគមន៍ ជាពិសេសអង្គការជាតិ និងអន្តរជាតិដែលមានវត្តមានក្នុងអង្គវេទិកា ចូលរួមកាន់តែសកម្មថែមទៀតជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងស្នើឲ្យមានជំនួបជាទៀងទាត់រវាងក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធខាងលើ បន្ថែមពីលើកិច្ចប្រជុំរបស់ក្របខណ្ឌក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយលទ្ធផលនៃជំនួបទាំងនេះ នឹងត្រូវយកមកពិភាក្សានាវេទិកាជាតិលើកទី២ នៅឆ្នាំក្រោយទៀត។
-ទី៤៖ សូមគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន ជាពិសេសក្រុមហ៊ុនទេសចរណ៍ សមាគម CATA, PATA ធ្វើការរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរបន្ថែមទៀតទៅកាន់គោលដៅសហគមន៍ បើទោះបីជាសេវានៅសហគមន៍នៅមិនទាន់អាចឆ្លើយតបស្តង់ដាពេញលេញរបស់ភ្ញៀវទេសចរក៏ដោយ។
-ទី៥៖ លេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង ត្រូវធ្វើរបាយការណ៍លទ្ធផលអំពីអង្គវេទិកានេះជូនលោកនាយករដ្ឋមន្រ្តី ដើម្បីលើកឡើងអំពីលទ្ធផលនៃអង្គវេទិកា និងស្នើសុំជាជម្រើសដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលសហគមន៍បានកំពុងជួបប្រទះ ក៏ដូចជាដើម្បីតាមដានការអនុវត្តការងារ សម្រាប់វេទិកាជាតិលើកទី២ នៅឆ្នាំក្រោយ
សូមជម្រាបជូនថា វេទិការយៈពេល ០១ថ្ងៃនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៦០០នាក់ ដោយពិធីបើកវេទិកានេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!