អ្នកនយោបាយ និងសកម្មជនបរិស្ថាន ៖ ការបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ កាន់តែច្រើន ការអនុវត្តច្បាប់ កាន់តែអន់ខ្សោយ ខណៈការកាប់ទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃខុសច្បាប់ នៅតែបន្តកើតមាន ជាដដែល
អ្នកនយោបាយ និងសកម្មជនបរិស្ថាន ហាក់អស់ជំនឿលើគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់រុករាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដោយអ្នកទាំងនោះ លើកឡើងថា ការបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ កាន់តែច្រើន ការអនុវត្តច្បាប់ កាន់តែអន់ខ្សោយ ខណៈការកាប់ទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃខុសច្បាប់ នៅតែបន្តកើតមាន ជាដដែល ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ការបង្កើតគណៈកម្មាធិការជាតិ ឬអនុគណៈកម្មាធិការ កាន់តែច្រើន នោះកាន់តែបង្ហាញអោយឃើញនូវការអនុវត្តច្បាប់ កាន់តែមានការអន់ខ្សោយ ដោយលោកបញ្ជាក់ថា ក្រសួងបានបង្កើតគណៈកម្មាធិការជាតិ ឬអនុគណៈកម្មាធិការ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់រុករាន ឈូសឆាយ ដីព្រៃ ជាបន្តបន្ទាប់ តែសកម្មភាព នៃកាប់ទន្រ្ទាន ក៏ដូចជាការឈូសឆាយរំលោភយកដីព្រៃ ពីសំណាក់បុគ្គលមួយចំនួន នៅតែបន្តមាន ដែលភាគច្រើន សុទ្ធតែជាក្រុមមន្ត្រីធំៗ មានអំណាច បុណ្យសក្តិ ផងដែរ ។ សំឡេង ៖
លោក វឌ្ឍនាសាប៊ុង បានគូសបញ្ជាក់ថា កន្លងទៅ មានករណីរំលោភយកដីព្រៃរបស់រដ្ឋ ជាច្រើនរយហិចតា ពីសំណាក់ក្រុមមន្ត្រីធំ ៗ ក៏ប៉ុន្តែ បុគ្គលទាំងនោះ ហាក់មិនត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់ នោះឡើយ ដែលបានធ្វើអោយការកាប់រុករាន ទន្ទ្រាន ឈូសឆាយ ដីព្រៃ នៅតែបន្តមានកើតឡើង ជាបន្តបន្ទាប់ គ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ច នោះឡើយ ដូច្នេះលោក លោក វឌ្ឍនាសាប៊ុង អះអាងថា មានតែការអនុវត្តតាម ច្បាប់ តែប៉ុណ្ណោះ ជាពិសេស គឺការអនុវត្តអភិក្រមទី ៥ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការវះកាត់មន្ត្រី ក៏ដូចជាបុគ្គលដែលបានល្មើសច្បាប់ ទើបអាចចូលរួមទប់ស្កាត់ និងលុបបំបាត់ ការកាប់ទន្ទ្រាន ឈូសឆាយដីព្រៃ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ មានប្រសិដ្ឋភាព ។ សំឡេង ៖
ជាមួយគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក និងជាសកម្មជនបរិស្ថាន ហាក់អស់ជំនឿ លើគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដោយលោក លើកឡើងថា គណៈកម្មាធិការ ឬអនុគណកម្មាធិការ ទាំងនេះ បង្កើតឡើង ហាក់មិនអាចជួយជម្រុញការងារបង្ក្រាប ទប់ស្កាត់ ការឈូសឆាយរំលោភដីព្រៃ បាននោះទេ ដោយសារតែបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះ ហាក់មានអំណាច ជាងគណៈកម្មាធិការ ឬអនុគណកម្មាធិការ ទៅទៀត ។ សំឡេង៖
លោក ប៉ែន ប៉ុណ្ណារ៍ បានទទូចអោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងស្ថាប័នជំនាញ ត្រូវតែអនុវត្តអោយបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍អនុវត្តន៍ច្បាប់ អោយបានតឹងរឹង មានតម្លាភាព ដោយគ្មានការលើកលែងក្រុម ឬបុគ្គលប្រព្រឹត្តល្មើសណាមួយ នោះឡើយ ទើបប្រតិបត្តិការបង្ក្រាប ទប់ស្កាត់ លុបបំបាត់ ការកាប់ទន្ទ្រាន ដុត ឈូសឆាយរំលោភដីព្រៃដោយខុសច្បាប់ ទទួលបាននូវជោគជ័យ និងមានប្រសិដ្ឋភាព ។ សំឡេង ៖
សូមជម្រាបជូបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបង្កើតអនុគណៈកម្មាធិការខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ដែលយន្តការនេះជាផ្នែកមួយដើម្បីកុំអោយមន្ត្រីរុញការងារដាក់គ្នាទៀតជុំវិញការចុះទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកាលពីថ្ងៃទី ៩ វិច្ឆិកា បានបញ្ជាក់ថា អនុគណៈកម្មាធិការនេះ គឺមានសមាសភាពដូចជា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាប្រធាន និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត ជាលេខាប្រតិបត្តិ ខណៈសមាជិកជាច្រើនទៀតមានដូចជា មន្ត្រីតុលាការខេត្ត ប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត ទាហាន និងអភិបាលស្រុក និងក្រុងចំនួន ៥ ផ្សេងទៀត ។
អនុគណៈកម្មាធិការខេត្តមណ្ឌលគិរីនេះ គឺបង្កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាល រដ្ឋាភិបាលបានបង្កើតគណៈ កម្មាធិការជាតិថ្មីមួយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងបំណងទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិនៅតាមបណ្ដាខេត្តមួយចំនួន ។ គណៈកម្មាធិការនេះ មានរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជាប្រធាន និងមានអន្តរក្រសួងមួយចំនួនទៀត ជាសមាជិក ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!