ក្រសួងវប្បធម៌ បើកសិក្ខាសាលាថ្នាក់ជាតិ និងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីច្បាប់សិទ្ធិអ្នកនិពន្ធ និងអង្គភាពគ្រប់គ្រងសិទ្ធិរួម
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ និងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីច្បាប់សិទ្ធិអ្នកនិពន្ធ និងអង្គភាពគ្រប់គ្រងសិទ្ធិរួម ដោយមានការចូលរួមពីគណ:វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងសិល្បករ ផលិតករ អ្នកនិពន្ធ ម្ចាស់សិទ្ធិ និងអ្នកពាក់ព័ន្ធប្រមាណជិត ១០០នាក់។
សិក្ខាសាលាពិគ្រោះយោបល់ ខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើងរយ:ពេល ពីរថ្ងៃកន្លះ គឺចាប់ពីថ្ងៃទី៤-៥ និងព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ដោយសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ។
អង្គសិក្ខាសាលានេះ មានគោលបំណង ពង្រឹង និងពង្រីកចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាលើការងារសិទ្ធិអ្នកនិពន្ធ និងអង្គភាពគ្រប់គ្រងសិទ្ធិរួម ដេីម្បីស្វែងយល់នូវអត្ថប្រយោជន៍ និងបង្កើនសមត្ថភាពធនធានមនុស្ស ហើយក៏ជាអ្នកផ្សព្វផ្សាយបន្តក្នុងការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព ដល់សិល្បករ ផលិតករ ម្ចាស់កម្មសិទ្ធិ និងអ្នកពាក់ព័ន្ធទាំងអស់បានជ្រួតជ្រាបពីច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញា ក្នុងការជម្រុញបង្កើតអោយមានស្នាដៃថ្មីៗខាងវិស័យវប្បធម៌ ស្របតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ ដេីម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានវាគ្មិនអន្តរជាតិ ផងដែរ ក្នុងនោះមាន ៖
- មន្រ្តីជាន់ខ្ពស់គ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ច្បាប់អ្នកនិពន្ធនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO
- នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសហព័ន្ធអ្នកនិពន្ធអន្តរជាតិ CISAC ទីក្រុងប៉េកាំង
- អ្នកចាត់ការទួទៅនៃអង្គភាពគ្រប់គ្រងសិទ្ធិរួមផ្នែកតូរ្យតន្រ្តីទីក្រុងបាងកក
- អគ្គលេខាធិការនៃអង្គភាពគ្រប់គ្រងសិទ្ធិរួមតូរ្យតន្រ្តីកូរ៉េ ទីក្រុងសេអ៊ូល ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!