ក្រសួងយុត្តិធម៌កម្ពុជា និងវៀតណាម រៀបចំសន្និសីទច្បាប់ លើកទី ២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រសួងយុតិ្តធម៌កម្ពុជា សហការជាមួយក្រសួងយុតិ្តធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តសៀមរាប ។
ក្នុងពិធីបើកសន្និសីទច្បាប់ លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលរៀបចំទ្បើងនៅលើទឹកដីខេត្តសៀមរាប មានការចូលរួមពីសំណាក់លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ នៃកម្ពុជា និងលោក ឡេ ថាញ់ឡុង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសវៀតណាម ព្រមទាំងមានវត្តមានចូលរួម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌កម្ពុជា ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងនៃបណ្តាខេត្តជាប់ ព្រំដែនវៀតណាម ចំនួន៩ អាជ្ញាធរខេត្តសៀមរាប រួមនឹងប្រតិភូក្រសួងយុតិ្តធម៌វៀតណាម និងតុលាការប្រជាជនវៀតណាមចំនួន១០ខេត្ត ។
សន្និសីទច្បាប់ លើកទី២ រវាងខេត្តនៅជាប់ព្រំដែនកម្ពុជា និងវៀតណាម ដែលត្រូវបានធ្វើទ្បើងបន្តពីសន្និសីទច្បាប់លើកទី១ ដែលបានប្រារព្វធ្វើនៅខេត្តតាយនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាឆ្នាំ២០១៧ ដោយត្រូវបានរៀបចំទ្បើងនៅក្នុងគោលបំណងបន្តពង្រឹងនូវកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ក៏ដូចជាសាលាដំបូងខេត្តជាប់ព្រំដែន អោយកាន់តែល្អប្រសើរទ្បើងថែមមួយកម្រិតទៀត ។
ភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងតុលាការ ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី បញ្ហាបត្យាប័ន ការផ្តល់ជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋដែលនៅជាប់ព្រំដែន ការផ្សព្វផ្សាយ និងដោះស្រាយវិវាទនៅមូលដ្ឋាន ដើម្បីសំដៅចូលរួមទប់ស្កាត់នូវបណ្តាបទល្មើសឆ្លងដែន និងផ្តល់សេវាយុតិ្តធម៌ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនអោយកាន់តែមានប្រសិទ្ធភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ។
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ក៏មានជំនួបដាច់ដោយទ្បែកជាមួយលោក ទ្បេ ថាញ់ទ្បុង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម ដោយភាគីទាំងសងខាង បានឯកភាពគ្នាអំពីសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបតិ្តការក្នុងវិស័យច្បាប់ និងយុតិ្តធម៌ ក្នុងគោលបំណងចូលរួមកសាងនូវព្រំដែនសន្តិភាព សន្តិសុខ និងប្រកបដោយការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ។
ក្នុងសន្និសីទនេះផងដែរ ភាគីទាំងពីរ កម្ពុជា-វៀតណាម ក៏នឹងចុះហត្ថលេខាលើផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២0-២០២១ ដែលជាមូលដ្ឋានថ្មីបន្ថែមក្នុងការបន្តកិច្ចសហប្រតិបតិ្តការ រវាងក្រសួងយុតិ្តធម៌នៃប្រទេសទាំងពីរ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!