លោករដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី៥
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី៥ ដោយមានវត្តមានចូលរួមពីលោក លោកស្រី សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងតំណាងក្រសួង ស្ថាប័ន ជាច្រើនរូបទៀត ។
ថ្លែងក្នុងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី៥ នេះ លោក ឆាយ ថន បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសហការ និងសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ ។
លោករដ្ឋមន្ត្រី ឆាយ ថន បានបន្ថែមថា នៅពេលដែលគោលនយោបាយជាតិ ស្ដីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ឆ្នាំ២០២០-២០៣០ លើកទីមួយ បានឆ្លងកាត់ការប្រជុំពិគ្រោះយោបល់ដ៏វែងឆ្ងាយ ពីកម្រិតបច្ចេកទេសទៅកម្រិតនយោបាយខ្ពស់បំផុត និងកំពុងរង់ចាំការចុះហត្ថលេខាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការប្រើប្រាស់ជាផ្លូវការ នោះ លោកថា ជម្រើស និងការតម្រង់ទិសរបស់ គោលនយោបាយនេះគឺ ការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍប្រព័ន្ធអេកូ នវានុវត្តន៍ នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយឈរលើក្របខ័ណ្ឌទស្សនទាន ទទួលយកការ សម្របសម្រួលបច្ចេកវិទ្យា និងនវានុវត្តបន្ថែម សំដៅជំរុញល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព ធ្វើអោយសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងចូលរួមធ្វើអោយសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាសាកល ផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីសម្រេចកិច្ចការនេះបាន ត្រូវរួមគ្នាជួយបំពេញភាពខ្វះចន្លោះ និងពង្រឹងសមាសភាពនៃប្រព័ន្ធអេកូនវានុវត្តន៍ ដែលមាន សាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សាជាន់ខ្ពស់ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសអាជីវកម្ម ដោយមានការជួយគាំទ្រពីរដ្ឋ និងជាពិសេសគឺ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ត្រូវជំរុញបន្ថែមទៀតនូវការលើកកម្ពស់ និងការផ្ទេរពុទ្ធិពីស្ថាប័នមួយទៅស្ថាប័នដែលពាក់ព័ន្ធ ធ្វើអោយខ្សែសង្វាក់អភិវឌ្ឍន៍ពុទ្ធិជាតិមានលទ្ធភាពលើកស្ទួយឧស្សាហកម្ម និងសេវាកម្មជាតិប្រកបដោយកម្លាំងប្រកួតប្រជែង។
លោករដ្ឋមន្ត្រីរូបនេះ បានបន្តថា ដើម្បីបានជាមូលដ្ឋានសម្រាប់ជំរុញកិច្ចការនវានុវត្តន៍ជាតិ អគ្គលេខាធិការដ្ឋាន ក.ជ.វ.ប. នឹងធ្វើការអង្កេតថ្នាក់ជាតិ ស្ដីពី នវានុវត្តន៍ឆ្នាំ២០២០ ហើយឯកសារព្រាងនៃការអង្កេតនេះ ជាមួយនឹងកិច្ចការអភិវឌ្ឍន៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួង ស្ថាប័ន ត្រូវបានរៀបចំសម្រាប់ការប្រជុំប្រឹក្សាយោបល់នាថ្ងៃនេះ។
ជាមួយគ្នានេះ លោកក៏នឹងពិនិត្យផងដែរនូវសំណើសំណុំសូចនាករ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានជាមូលដ្ឋានសម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីតម្រង់ទិសកិច្ចការអភិវឌ្ឍផ្នែកនេះអោយស្របទៅនឹងគោលនយោបាយជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ច ជាក់ស្ដែង ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!