ប្រជាពលរដ្ឋក្នុង ឃុំព្រៃគ្រី ស្រុកជលគីរីទទួលបានតំណោះស្រាយ
ប្រជាជពលរដ្ឋនៅភូមិព្រៃគ្រី និងភូមិផ្សេងទៀតដែលប្រើទឹកស្រះរួមគ្នា ក្នុងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងយល់ព្រមទទួលយកតំណោះស្រាយរបស់ក្រុមប្រឹក្សាស្រុក ដែលសម្រេចជីកស្រះ តាមទំហំដែលប្រជាពលរដ្ឋអាចទទួលយកបាន បន្ទាប់ពីមានការមិនត្រូវរូវគ្នាអស់រយៈពេលជាយូរ ដោយអាជ្ញាធរស្រុកមានគម្រោងជីកស្រះនោះ តំហំតូចខុសពី ទំហំចាស់។
លោក ហូ សារិន ប្រជាពលរដ្ឋនៅ ភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី បានប្រាប់វិទ្យុសំឡេងយុវជន VOY អោយដឹងនៅព្រឹកថ្ងៃស្រុក ទី ២៩ ខែឧសភា ឆ្នាំ២០១៥នេះថា ប្រជាពលរដ្ឋបានជួបជាមួយ ក្រុមប្រឹក្សាស្រុកនៅព្រឹកនេះដោះស្រាយ បញ្ហាជីកស្រះទឹកក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី។ លោកបានបញ្ជាក់ថាការដោះស្រាយនោះគឺ ប្រជាពលរដ្ឋព្រមទទួលយក ហើយ ដោយរក្សាទំហំចាស់ដដែល តែទុកសងខាងស្រះ ២០ ម៉ែត្រដើម្បីដាក់អាចម៍ដីដែលជីកនោះ។ យ៉ាងណាក៏ដោយលោកមិនទាន់ប្រាកដដែរថាអាជ្ញាធរ និងជីកស្រះនោះនៅពេលណាទេ។ "ដើមឡើយស្រះនោះ មានទំហំ ប ណ្តោយ ១៨០ ម ក្បាលវា ១០០ម ដ៏អាលូវយើងសម្រេចចាក់ដីតាមភ្លឺ អស់ ២០ ម សងខាង វាទៅ ១៤០ គុណ ៦០ ជំរៅ ៣ ម៉ែត្រ ចឹងបានឯកភាពគ្នាហើ។"
លោកស្រី ជុំ ស៊ីនឿន ជាសមាជិកក្រុមប្រឹក្សាស្រុកជលគីរី មកពីគណបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងការដោះ ស្រាយបានអោយដឹងថា មុននឹងឈានដល់ការឯកភាពគ្នា គឺមានការប្រទាំងប្រទើសគ្នាខ្លះនៅព្រឹកនេះ ព្រោះប្រធានក្រុមប្រឹក្សាស្រុកហៅប្រជាពលរដ្ឋឡើងសួរម្តងម្នាក់ៗ ដោយអោយស្រែកនិយាយ មិនមានមេក្រូ ខណៈដែលខាងក្រុមប្រឹក្សានិយាយដាក់មេក្រូ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។
បន្ទាប់ពីមានការសម្របសម្រួលគ្នា តំណោះស្រាយនៅព្រឹកនេះលោកស្រីថា ប្រជាពលរដ្ឋព្រម តាមការស្នើសុំរបស់ ក្រុមប្រឹក្សាស្រុកហើយ ដោយមានការកាត់ដីតាមទំហំ ដែលត្រូវទុក និងត្រូវជីកស្រះនោះ។ "កិច្ចពិភាក្សាគ្នាបែងចែកជាបីកន្លែង អ្នកកន្លែងផ្សេងខ្ញុំ Call ទៅ ទាមទាអោយជីកទាំងអស់ តែខាង ខ្ញុំពីភាក្សាគ្នាទៅ បើយើងធ្វើទាំងអស់វាអត់កន្លែងដាក់អាចម៍ដីដែលខ្វាមកនឹង អាលូវប្រជាពលរដ្ឋព្រមទុកសងខាង ២០ មហើយ។"
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា ទឹកប្រាក់ដែលយកមកជីកស្រះនេះ គឺបានមកពីសម្តេច ចៅហ្វាវាំ គុង សំអុល។ ដោយឡែកក្នុងតំណោះស្រាយនៅព្រឹកនេះ គឺទំហំស្រះទាំងមួល និងជីកជាពីរដំណាក់កាល់តាមទំហំទឹកប្រាក់។ ប្រជា ពលរដ្ឋធ្លាប់បានអះអាងថា បើអាជ្ញាធរ មិនមានលទ្ធិភាពក្នុងការជីកស្រះនោះតាមទំហំចាស់ទេ ទុកអោយប្រជាពលរដ្ឋជាអ្នក ជីកដោយខ្លួនឯងក៏បាន ដោយពុំចាំបាច់បន្ថយទំហំចាស់មកត្រឹម ៧០ គុណនិង ៤០ ម៉ែត្រនោះទេ ព្រោះបាត់ដីស្រះជិតពាក់កណ្តាល់ទៅហើយ។
សូមបញ្ជាក់ថា ការទាមទារបស់ប្រជាពលរដ្ឋាអោយស្តាស្រះទឹកនេះ ចាប់តាំងពីដើមខែ មេសា ឆ្នាំ២០១៥ លើទំហំស្រះចាស់ ដែលមានបណ្តោយ ១៨០ និងទទឹង ១០០ ម៉ែត្រ តែអាជ្ញាធរស្រុក សម្រេចគម្រោងជីកស្រះទំហំបណ្តោយ ៧០ និងទទឹង ៤០ ម៉ែត្រ។ តាមទំហំនេះប្រជាពលរដ្ឋ នៅតំបន់នោះ មិនសុខចិត្តទេ ក្រោមហេតុផលថា ទំហំនេះគឺតូច ទឹកមិនអាចអោយប្រជាពលរដ្ឋនៅតំបន់នោះប្រើប្រាស់គ្រប់គ្រាន់ទេ និងធ្វើការតវ៉ាជាហូហែរ។ ទើបឈានដល់ការដោះស្រាយ និងសម្រេចនៅព្រឹកនេះ៕
ដោយៈ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!