ក្រុមសហជីព និងសង្គមស៊ីវិលដាក់ញត្តិទៅក្រសួង ការងារ និងរដ្ឋសភា ពិនិត្យឡើងវិញនូវច្បាប់ស្តីពីសហជីព
តំណាងសហជីព និង សមាគមន៍មួយចំនួន នឹងយកញត្តិទៅដាក់នៅក្រសួងការងារ និងរដ្ឋសភា ជំទាស់នឹងការបង្កើតច្បាប់ស្តីពីសហជីព ដោយសុំអោយផ្អាកនិងមានការពិនិត្យសារឡើងវិញពីខ្លឹមសារនៃច្បាប់។ តំណាងសហជីពទាំងនោះ អះអាងថា ច្បាប់នេះមិនឆ្លុះបញ្ចាំង ក្នុងការបំរើផលប្រយោជន៍សហជីព និងកម្មករនោះទេ បែរជាធ្វើអោយសហជីពឯករាជ្យមួយចំនួនដែលជំទាស់រដ្ឋាភិបាល និងត្រូវសាបសូន្យ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានអោយវិទ្យុសំឡេងយុវជន វីអូវ៉ាយដឹងនៅថ្ងៃទី ២៩ ខែឧសភានេះថា ច្បាប់ស្តីពីសហជីព ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងព្រាង និងបង្កើតនេះ មិនបានឆ្លុះបញ្ជាំងពីការការពារផលប្រយោជន៍ និងការការពារសិទ្ធិសេរីភាព ជូនក្រុមកម្មករ និយោជិតនោះទេ។ ផ្ទុយទៅវិញច្បាប់សហជីពដែលគ្រោងបង្កើតនេះ បែរជា គម្រាមកំហែងយ៉ាងខ្លាំងដល់ការងារ របស់ បណ្តាសហជីព និងសហគមន៍ដែលឯករាជ្យ បំរើផលប្រយោជន៍កម្មករ។
សំឡេង ប៉ាវ ស៊ីណាទី ១
ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររូបនេះ បានអោយដឹងថា បណ្តាសហជីព និងសមាគមន៍ប្រមាណជា ២៧ និងបញ្ជូនតំណាងយកញត្តិទៅដាក់ជូនទៅមន្ត្រីក្រសួងការងារ និងសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភា រួមនិងស្ថាប័នអន្តរជាតិមួយចំនួន ក្នុងការពិនិត្យសាឡើងវិញនូវការតាក់តែងច្បាប់ស្តីពីសហជីពនេះ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
យ៉ាងណាក៏ដោយ ប្រសិនបើ ការដាក់ញត្តិរបស់ពួកលោក ពុំទទួលបានការឆ្លើយតបពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ ក្រុមរបស់ពួកលោកព្រមានថា និងធ្វើការដង្ហែរញត្តិម្តងទៀត ដោយដើរក្បួនជាទ្រង់ទ្រាយធំ។
សំឡេងប៉ាវ ស៊ីណា ទី ២
លោក សោម អូនប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានអោយដឹងថា កន្លងទៅច្បាប់មួយត្រូវបានគេយកមកធ្វើការពិភាក្សាជាត្រីភាគី ក្នុងសិក្ខាសិលាថ្នាក់ជាតិជាច្រើនដងរួចមកហើយ ដើម្បីធ្វើការកែសម្រួលចំនុចមួយចំនួន ដែលខុសចន្លោះ។ តែយ៉ាងណារហូតមកទល់ពេលនេះ លោកគាំទ្រអោយមានច្បាប់ស្តីពីសហជីពនេះកើតមាននៅក្នុងប្រទេសកម្ពុជា ដើម្បីការពារសិទ្ធិសេរីភាពរបស់ក្រុមកម្មករនិយោជិត។
សំឡេង សោម អូន ១
ចំពោះបណ្តាសហជីពមួយចំនួន ដែលមិនយល់ស្របចំពោះការអោយមានច្បាប់នេះ កើតមានឡើង លោក សោម អូន យល់ថា សហជីពទាំងនោះមិនបានអនុវត្តន៍ទៅតាមច្បាប់ស្តីពីក្រសួងការងារ យ៉ាងនេះក្តី លោកសង្ឃឹមថា រដ្ឋសភានិងធ្វើការកែសម្រួលច្បាប់នេះ និងអនុម័តចេញមកអោយមានភាពល្អប្រសើរសម្រាប់វិស័យកាត់ដែរ និងផលប្រយោជន៍របស់កម្មករ និងសង្គមជាតិ។
សំឡេង សោម អូន ២
គួររំលឹកដែរថា ខ្លឹមសារនៃច្បាប់ ស្តីពីសហជីពនេះ ត្រូវបានកសាងឡើង ដោយឈរលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាលេខ ៨៧ និងលេខ ៩៨ របស់អង្គការ ពលកម្មអន្តរជាតិ អាយឡូ និងត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយតំណាងអង្គការអន្តរជាតិខាងការងារ ធ្វើឡើងកាលពីខែវិច្ឆិការ ឆ្នា ២០០៨ រហូតមកទល់បច្ចុប្បន្ន និងបានដាក់ជូនទៅ កាន់ភាគីពាក់ព័ន្ធ ជាពិសេសសហជីព និងនិយោជកពិនិត្យ ជាបន្តរបន្ទាប់។
គូសបញ្ជាក់ថា ក្រសួងការងារក៏បានអោយដឹងដែរថា ច្បាប់ស្តីពីសហជីពនេះ បង្កើតឡើងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។ ធានានូវសិទ្ធិសេរីភាពនៃ អង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក។ ជំរុញអោយមានសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ។ រួមចំណែកក្នុងការបង្កើតការងារសមរម្យ និង ដើម្បីបង្កើនផលិតភាព អភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាព របស់កម្មករនិយោជិត តែទោះជាមានការបញ្ចាក់ពីក្រសួងការងារពី ផលប្រយោជន៍ស្តីពីច្បាប់យ៉ាងនេះក្តី ក៏តំណាងសហជីព និងសមាគមន៍មួយចំនួន នៅតែធ្វើការប្រឆាំងចំពោះការតាក់តែងច្បាប់នេះ មិនអោយកើតមានឡើងនោះទេ លុះត្រាតែខ្លឹមសារនៃច្បាប់នេះ សបញ្ជាក់ពីផលប្រយោជន៍ដល់និយោជិត កម្មករ ពិតប្រាកដ៕
ដោយ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!