សាលារាជធានីភ្នំពេញ គ្រោងនឹងស្តារបឹងត្របែកឡើងវិញ ដើម្បីរំដោះទឹកលិច
សូមស្តាប់សេចក្តីរាយការណ៍៖
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៨ ឧសភានេះថា សាលារាជធានីគ្រោងនឹងធ្វើការស្តារបឹងត្របែក សារជាថ្មី សម្រាប់ ស្តុក ទឹក និងរំដោះទឹកលិចចេញពីរាជធានី។ លោក មានប្រសាសន៍បន្តថា គម្រោងនេះ ត្រូវតែមានការសហការ ពី ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ដើម្បីធ្វើការដោះស្រាយសំណងឲ្យបានសមរម្យដល់ ប្រជាពលរដ្ឋដែលរស់ ជុំវិញបឹង ត្របែកនេះ។
លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា សំណងដែលប្រជាពលរដ្ឋត្រូវបានទទួលពីការប៉ះពាល់ ក្នុងដំណើរការស្តារបឹងនេះ គឺមានជំរើសពីរ ទី១ ពលរដ្ឋអាចបង់ថវិការ ទិញដីតំបន់នោះ និងទី២ ទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល សម្រាប់រកទីកន្លែងសមស្របសម្រាប់ពលរដ្ឋរស់នៅ។
ពលរដ្ឋម្នាក់ ដែលបានចូលរួមក្នុងវេទិការសាធារណៈនេះ បានលើកឡើងពីការព្រួយបារម្ភ របស់ខ្លួនថា គម្រោង អភិវឌ្ឈរបស់សាលារាជធានី និងចាប់ផ្តើមនៅពេលណា ហើយសំណងដែលរដ្ឋាភិបាល ដោះស្រាយ នឹងមាន តម្លាភាពដែរ ឬយ៉ាងណា។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ មានប្រសាសន៍ប្រាប់វិទ្យុសំឡេង យុវជនថា ការអភិរក្សបឹងក្នុងរាជធានីភ្នំពេញ គឺជារឿងល្អ តែកន្លងទៅ បែរជាអតីតអភិបាលរាជធានី ធ្វើការលុបបឹង ធម្មជាតិជាបន្តបន្ទាប់ ដូចជាបឹងកក់ និងបឹងទំពុនជាដើម។ លោកបន្តថា ការរំដោះទឹកចេញពីរាជធានីភ្នំពេញ នាពេល បច្ចុប្បន្ន គឺជារឿងសំខាន់ ដោយការស្តារបឹងធម្មជាតិតូចធំ ឡើងវិញ តែទន្ទឹមនឹងអភិរក្ស សាលារាជធានី ត្រូវតែមាន គោលនយោបាយច្បាស់លាស់ ក្នុងការផ្តល់សំណងឲ្យបានសមរម្យជូនប្រជាពលរដ្ឋ។
លោក សៀ ភារម្យ បានធ្វើការអំពាវនាវដល់រដ្ឋាភិបាល ដោយស្នើឲ្យធ្វើការអភិវឌ្ឈនៅនឹងកន្លែង បើសិនជាមានការប៉ះ ពាល់ដល់ប្រជាពលរដ្ឋមែន ជាជាងផ្តល់សំណងបន្តិចបន្តួច ឬឲ្យពួកគាត់នៅរស់នៅ កន្លែងឆ្ងាយពីភ្នំពេញ ដូចការ បណ្តេញចេញមុនៗទៀត។
កន្លងទៅ រដ្ឋាភិបាល បានធ្វើការលុបបឹងកក់ ដែលជាបឹងស្តុកទឹកមួយ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឃន៍ រួម ទាំងបឹងទំពុន ដែលគេសង្កេតឃើញមានការបូមខ្សាច់លុបបឹងនេះជាបន្តបន្ទាប់ ។
ដោយកញ្ញា៖ ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!