លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រឿងរ៉ាវខ្លះបើគ្មានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទេនោះ របាយការណ៍ពិតនឹងមិនធ្លាក់ដល់ដៃរបស់លោកនោះឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រឿងរ៉ាវខ្លះបើគ្មានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទេនោះ របាយការណ៍ពិតនឹងមិនធ្លាក់ដល់ដៃរបស់លោកនោះឡើយ ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ១៦ខែដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលកាលពិរសៀលថ្ងៃទី ២៧ ខែ ធ្នូ ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការផ្តួចផ្តើមគំនិតបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នេះឡើង គឺក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បែបកម្ពុជាខ្លួនឯង ដើម្បីប្រមូលធាតុចូលនូវទស្សន:ពហុគំនិត ជាប្រយោជន៍ដល់ការស្ថាបនាជាតិ តាមរយៈការពិគ្រោះពិភាក្សាផ្តល់ធាតុចូលពីសំណាក់គណបក្សនយោបាយ ក្រៅក្របខ័ណ្ឌសភា ជូនរាជរដ្ឋាភិបាល ។
ក្នុងពិធីបិទសន្និបាតនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានចុះបេសកកម្មការងារដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធនឹងអង្គហេតុ/អង្គសេចក្តី/អង្គច្បាប់ ជុំវិញភាពអសកម្ម និងភាពមិនប្រក្រតី ដែលកើតមានក្នុងសង្គម ដោយក្នុងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចូលរួមចំណែកធ្វើកំណែទម្រង់សង្គមយ៉ាងសកម្ម ព្រមទាំងរកការពិតលើរឿងរ៉ាវមិនប្រក្រតីក្នុងសង្គម ផងដែរ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ដែរថា រឿងរ៉ាវខ្លះបើគ្មានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទេនោះ របាយការណ៍ពិតនឹងមិនធ្លាក់ដល់ដៃរបស់លោកនោះឡើយ ។
មុននឹងបិទបញ្ចប់ពិធីសន្និបាតបូកសរុបការងារ ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់សមាជិកប្រតិភូគណបក្សទាំងអស់ ដោយ មានសុទុដ្ឋិនិយម និងសង្ឃឹមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបន្តបំពេញតួនាទីរបស់ខ្លួន ជាមួយបេសកកម្មដ៏មានសារ:ប្រយោជន៍ក្នុងឆ្នាំ២០២០ ខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត សំដៅរួមចំណែកកំណែទម្រង់ស៊ីជម្រៅនៅកម្ពុជា ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងរដ្ឋឯករាជ្យប្រជាធិបតេយ្យរបស់កម្ពុជា ផងដែរ ។
សូមជម្រាបជូនដែរថា តាមរបាយការណ៍របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអោយដឹងថា ក្នុងរយៈពេល១៦ខែនៃបេសកកម្មរបស់ខ្លួន បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនប្រមុខរាជរដ្ឋាភិបាល ជិត ២០០ករណី ដោយក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់ប្រមុខរាជរដ្ឋាភិបាលចំនួន ៣២ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!