លោក ព្រាប កុល ស្នើសុំកិច្ចសហប្រតិបត្តិការជាមួយលោក វ៉ា គឹមហុង និងលោក សុខ ទូច ទៅលើបញ្ហានៃការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ស្នើសុំកិច្ចសហប្រតិបត្តិការជាមួយលោក វ៉ា គឹមហុង និងលោក សុខ ទូច ទៅលើបញ្ហានៃការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ។
យោងតាមការលើកឡើងរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភពកម្ពុជា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុករបស់លោក នៅថ្ងៃទី ២៨ ខែ ធ្នុ ឆ្នាំ ២០១៩ នេះ លោកបានលើកឡើងថា នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរ សូមស្នើធ្វើកិច្ចការខ្លះ ដើម្បីស្វែងយល់ការពិត និងជម្រះមន្ទិលសង្ស័យ អំពីបញ្ហានៃការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ។
លោក ព្រាប កុល ក៏បានស្នើសុំលោក វ៉ា គឹមហុង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចព្រំដែន និងលោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ ទៅលើសំណើធ្វើកិច្ចការមួយចំនួន ដែលមានដូចខាងក្រោមនេះ ៖
១. ស្នើសុំការបង្ហាញផែនទី ដែលប្រើប្រាស់សម្រាប់ការកំណត់ទីតាំងបោះបង្គោលព្រំដែន និងវិធីសាស្ត្រ និងរបៀបគណនា កំណត់បង្គោលព្រំដែន តាមលក្ខណ:វិទ្យាសាស្ត្រ ។
២. សូមបង្ហាញទីតាំងបង្គោលព្រំដែនទាំងអស់ ដោយមានអាសយដ្ឋានជាក់លាក់ ។
៣. សូមសហការរៀបចំវេទិកាសាធារណ: ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលចាប់អារម្មណ៍ពីបញ្ហាព្រំដែន ជាពិសេសពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឃុំជុំវិញទីតាំងបង្គោលព្រំដែន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ផងដែរ ។
ក្នុងនោះដែរ លោក ព្រាប កុល ក៏បង្ហាញក្ដីសង្ឃឹមថា មន្ត្រីជាន់ខ្ពស់ទាំងពីរ ទទួលយកសំណើរទាំង ៣ របស់លោកខាងលើនេះ ដោយលោក នឹងទន្ទឹងរង់ចាំចម្លើយជាវិជ្ជមាន ។ លោក ព្រាប កុល បញ្ជាក់ដែរថា ចំពោះការបរិច្ឆេទនៃការអនុវត្តវិធានការទាំង ៣ ខាងលើនេះ គឺកាន់តែឆាប់ កាន់តែល្អ នៅក្នុងឆ្នាំ 2020 នេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!