គណបក្សខ្មែរក្រោក ដាក់ទិសដៅការងារសម្រាប់ឆ្នាំ ២០២០ ចំនួន ៥ ចំណុច
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៃប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានដាក់ផែនការទិសដៅការងារ សម្រាប់ឆ្នាំ ២០២០ ចំនួន ៥ ចំណុចបន្តទៀត ក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
ក្រោយការវាយតម្លៃការងាក្នុងរយៈពេល១៦ខែដំបូងនេះ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន នាពេលកន្លងមក ប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើញលើបញ្ហាជាច្រើន ដោយផ្អែកលើពាក្យបណ្ដឹងរបស់ពលរដ្ឋ តម្រុយព័ត៌មានដែលទទួលបានពីគ្រប់ទិសទី ឈានដល់ការចុះបេសកម្មពិនិត្យជាក់ស្ដែងគ្រប់ច្រកល្ហកលើបញ្ហានានាទូទាំងប្រទេស រួមមាន ៖ បញ្ហាប្រឈមជាក់ស្ដែងរបស់ពលរដ្ឋ ទំនាស់ដីធ្លី ការបំពានអំណាច ការរំលោភបំពាន និងបន្លំលើខ្លឹមសារច្បាប់ ការបំពាន និងមិនអនុវត្តន៍តាមលិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ការក្លែងបន្លំឯកសារសាធារណៈ និងប្រេីអំណាចក្នុងមុខងារសាធារណៈ ដើម្បីយកសម្បត្តិរដ្ឋ រួមទាំងភាពអសកម្មក្នុងការអនុវត្តច្បាប់ ជាដើម ។
ជាមួយគ្នានេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៃប្រតិភូគណបក្សខ្មែរក្រោក បញ្ហាទាំងអស់នេះ គឺសុទ្ធសឹងមានមូលដ្ឋានមកពីមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានទំនាក់ទំនងគ្នាជាបណ្ដាញបក្សពួក ប្រព្រឹត្តដោយចេតនាទុច្ចរិត ក្នុងការបំពានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដោយពុំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាហេតុនាំអោយបញ្ហាទាំងនោះក្លាយជាមហារីកដ៏រ៉ាំរ៉ៃក្នុងសង្គម និងផ្ដល់ផលប៉ះពាល់ដល់ពលរដ្ឋឥតឈប់ឈរ ផងដែរ ។
ចំពោះផែនការទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២០ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានដាក់ចេញទិសដៅការងារចំនួន ៥ចំណុច ដូចជា ៖
- បន្ត នឹងពង្រីកវិសាលភាពលេីភារកិច្ចចុះតាមដានការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្អែកលេីខ្លឹមសារព្រះរាជក្រឹត្យ ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ក្នុងន័យផ្ដល់តម្រុយជាដំណោះស្រាយប្រយោជន៍ជួយជំរុញកំណែទម្រង់ភាពខ្វះចន្លោះលើគ្រប់វិស័យ។
- បន្ត និងពង្រឹងសកម្មភាពចុះពិនិត្យស្រាវជ្រាវរាល់បាតុភាពដែលជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋគ្រប់និន្នាការ លើបញ្ហានានាទាំងការរំលោភបំពានអំណាច ភាពអសកម្មក្នុងការបម្រើសេវាសាធារណៈ ភាពមិនប្រក្រតីរបស់មន្ត្រីក្នុងប្រព័ន្ធមន្ត្រីរដ្ឋបាល និងមន្ត្រីរាជការសាធារណៈ ជាពិសេស គឺវិស័យយុត្តិធម៌ ជាដើម ។
- ខិតខំបន្ថែមលេីការប្រមូលលទ្ធផល និងទិន្នន័យនៃបញ្ហាមីក្រូដែលបានស្រាវជ្រាវរកឃើញ យកមកសិក្សាតាមលក្ខណៈវិទ្យាសាស្ត្រ ដើម្បីរកឃើញប្រភពបញ្ហា ឈានដល់ការរៀបចំសេចក្ដីព្រាងច្បាប់ និងសេចក្ដីព្រាងគោលនយោបាយដាក់ជូនរាជរដ្ឋាភិបាល ធ្វើការដោះស្រាយឲ្យចំបញ្ហាដែលកើតមានក្នុងសង្គម។
- បន្តសិក្សារកចំណុចខ្វះខាត និងភាពអវិជ្ជមានដើម្បីប្រជុំផ្ដល់យោបល់ជាធាតុចូលជូនក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធលើសេចក្ដីព្រាងច្បាប់ និងព្រាងគោលនយោបាយរបស់សាម៉ីក្រសួងនានានៅក្នុងកិច្ចប្រជុំក្រោមក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ។
- បន្តស្រាវជ្រាវបញ្ហានានា និងសិក្សារកមូលដ្ឋានច្បាស់លាស់ ភាពខ្វះចន្លោះ ឈានដល់ការអញ្ជើញបណ្ដាសាម៉ីក្រសួង និងអង្គភាពពាក់ព័ន្ធមកប្រជុំក្រោមក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដេីម្បីចូលរួមគ្នាដោះស្រាយបញ្ហាដែលប្រឈម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!