យុវនិស្សិតចំនួន ៣ រូប ដាក់ពាក្យប្ដឹងមកលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ចំពោះភាពមិនប្រក្រតីលើនីតិវិធីការប្រឡងប្រកួតប្រជែងសិស្សចៅក្រមជំនាន់ទី១០
យុវនិស្សិតចំនួន ៣ រូប ដាក់ពាក្យប្ដឹងមកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំពោះភាពមិនប្រក្រតីលើនីតិវិធីការប្រឡងប្រកួតប្រជែងសិស្សចៅក្រមជំនាន់ទី១០ ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានប្រតិភូគណបក្សខ្មែរក្រោកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា មានយុវនិស្សិត៣ រូប ក្នុងចំណោម ៥រូប បានមកជួបដោយផ្ទាល់ជាមួយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដោយក្នុងគោលបំណងដើម្បីដាក់ពាក្យប្ដឹងជាផ្លូវការចំពោះភាពមិនប្រក្រតី លេីនីតិវិធីនៃការប្រឡង ប្រកួតប្រជែងសិស្សចៅក្រមជំនាន់ទី១០ ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។
លោក វឌ្ឍនាសាប៊ុង បញ្ជាក់ថា ផ្អែកតាមពាក្យបណ្ដឹងនេះ គឺជាមូលដ្ឋាននាំអោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការតាមដាន សេីរេី និងពិនិត្យចំពោះការប្រឡងប្រជែងសិស្សចៅក្រមដែលពោរពេញដោយភាពចម្រូងចម្រាស់នេះផងដែរ ។
គួរបញ្ជាក់ដែរថា កន្លងមក មានការលេចចេញនៅរូបភាពជាតម្រុយមួយចំនួនពាក់ព័ន្ធនឹងឯកសារមិនប្រក្រតីរបស់ បេក្ខជនឈ្មោះ សយ យូសុមនា ក្នុងនីតិវិធីនៃការស្នេីសុំប្រឡងប្រជែងសិស្សចៅក្រមនេះ ផងដែរ តែទោះជាយ៉ាងណាភ្លាមៗនៃការរិះគន់លើភាពមិនប្រក្រតីនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួមសង្កេតការក្នុងការប្រឡង ប្រកួតប្រជែងសិស្សចៅក្រមជំនាន់ទី១០ នេះ បានបដិសេធ និងច្រានចោលចំពោះការចោទប្រកាន់លើភាពមិនប្រក្រតីនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!