គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ចុះអនុស្សណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការ និងក្របខណ្ឌជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា”
ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត (MAYBANK KIM ENG HOLDINGS LIMITED) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការ និងក្របខណ្ឌជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា” ក្រោមវត្តមានចូលរួមរបស់លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ។
ការចុះអនុស្សរណៈនេះ ត្រូវបានរៀបចំំឡើងក្នុងគោលបំណងក្នុងការផ្ដល់ជំនួយបច្ចេកទេសដល់ គ.ម.ក. ទៅលើផ្នែកអនុលោមភាពច្បាប់ ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ចសាជីវកម្ម ប្រព័ន្ធស្តង់ដារ គណនេយ្យហិរញ្ញវត្ថុ ការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុ និងផលិតផលថ្មីៗសម្រាប់ទីផ្សារមូលបត្រ និងការទាក់ទាញវិនិយោគិនបរទេស ជាដើម ដើម្បីជំរុញកំណើនប្រកបដោយចីរភាពនៃទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា ពួកយើងពិតជាមានភាពរីករាយណាស់ដែលបានចូលរួមសហប្រតិបត្តិការជាមួយនឹង ក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ដែលជាធនាគារវិនិយោគដ៏ឈានមុខមួយនៅក្នុងតំបន់អាស៊ាន ដោយលោក ស៊ូ សុជាតិ មានជំនឿថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងពង្រឹងទំនាក់ទំនងនាំឆ្ពោះទៅកាន់ភាពជាដៃគូបន្ថែមមួយកម្រិតទៀត ។
លោក ស៊ូ សុជាតិ បន្តថា កិច្ចសហប្រតិបត្តិការនេះ ក៏នឹងជួយក្នុងការលើកកម្ពស់លទ្ធផលការងារ ជំរុញការរីកចម្រើននៃ ទីផ្សារមូលបត្ររបស់កម្ពុជា នាពេលអនាគត និងបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ផងដែរ ។
ដោយឡែក លោក ម៉ូហាមាត យ៉ាសីន អាប់ឌុលឡា នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ក៏បានលើកឡើងផងដែរថា ការចូលរួមសហប្រតិបត្តិការជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា គឺជាការចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅប្រទេសកម្ពុជា ដោយក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងនៅក្នុងពិភពលោក ប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុរីកចម្រើនជាលំដាប់ ។
នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត បានបញ្ជាក់ថា ក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ដែលមានវត្តមានក្នុង៦ប្រទេសនៃសមាជិកអាស៊ាន នឹងចូលរួមចែករំលែកនូវបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់មាន ជាច្រើនទសវត្សនៅក្នុងតំបន់ មកដល់ប្រទេសកម្ពុជា ដោយនឹងផ្តល់អាទិភាពជាចម្បងលើនិរន្តភាព និងការរីកចម្រើនប្រកបដោយយុទ្ធសាស្រ្ត នៅក្នុងទីផ្សារហិរញ្ញវត្តុនេះ ដើម្បីធានាថាសាជីវកម្ម និងសហគមន៍ក្នុងប្រទេសកម្ពុជា នឹងរីកចម្រើនលូតលាស់ជាមួយគ្នា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!