លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្ត លើគម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០
លោក ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្ត លើគម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០ មានចំនួន ៣៤គម្រោង មានតម្លៃ ៩៦,០៥៧,២០០,០០០រៀល ។
ក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល លើគម្រោងសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ដើម្បីបំលែងគោលដៅក្របខ័ណ្ឌអភិវឌ្ឍន៍ នៃផែនការអភិវឌ្ឍខេត្ត ជាគម្រោងសកម្មភាព ឬសេវាអាទិភាពនានាសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណ: និងកិច្ចអភិវឌ្ឍន៍ខេត្តសម្រាប់រយ:ពេលបីឆ្នាំ ២០២០-២០២២ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ ។
លោកអភិបាលខេត្ត បន្តថា ខេត្តព្រះសីហនុ មានវិស័យសំខាន់ៗ ដូចជា៖ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យគោលដៅសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយខេត្តព្រះសីហនុ មានសក្តានុពល ដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភពសក្តានុពល និងធនធានធម្មជាតិ បាននិងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចំរើនជាលំដាប់ ។
លោក គួច ចំរើន គូសបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ បាននឹងកំពុងអនុវត្តន៍ឱ្យបានសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ " តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង " អាចធ្វើឱ្យខេត្តទេសចរណ៍មាត់សមុទ្រ មានឈ្មោះ ជាទីក្រុងឧស្សាហកម្មបៃតង អាស៊ាន យ៉ាងយូរត្រឹមឆ្នាំ២០២៥ ជាគោលដៅ ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅឆ្នាំ២០១៥-២០២៥ ជាប៉ូលសេដ្ឋកិច្ចសំខាន់ មជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍រីកចម្រើនប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!