លោក ស៊ុន ចាន់ថុល កំណត់យកឆ្នាំ២០២០ គឺជាឆ្នាំពង្រីកការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន និងភស្ដុភារកម្ម
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ ថុល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់វិស័យសាធារណការនិងដឹកជញ្ជូន និងភស្ដុភារកម្មឱ្យឈានឡើងមួយកម្រិតទៀត ។
ថ្លែងក្នុងរបាយការណ៍បូកសរុបនាពេលនោះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសមិទ្ធផលការងារឆ្នាំ ២០១៩ លើវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួមមាន ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានកសាងបានប្រមាណ១០% និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China Railway International Group Co.,Ltd ដើម្បីសិក្សា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវក្រវ៉ាត់ក្រុងទី២និងទី៣ ត្រូវបានពង្រីកទៅជា៤គន្លង ព្រមទាំងហេដ្ឋារេចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀតទាំងស្ពាន កំពង់ផែ ផ្លូវទឹក និងផ្លូវដែក ត្រូវបានសាងសង់ពង្រីកបន្ថែម ជួសជុល ថែទាំ លើកកម្ពស់គុណភាព និងធ្វើសមាហរណកម្មក្នុងប្រទេស និងក្នុងតំបន់ផងដែរ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានោះផងដែរ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីសមិទ្ធផលនានាទាក់ទងនឹងវិស័យដឹកជញ្ជូន រួមមាន៖ ការចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលមានការកើនឡើងប្រមាណ៥១% បើធៀបនឹងឆ្នាំ២០១៨ ការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់លើរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់អនុញ្ញាត ការចូលរួមនិងធ្វើយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការចែកមួកសុវត្ថិភាព ការបិទចំណាំងផ្លាត ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នានា ជាដើម។
លោករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ចូន វិស័យធនធានមនុស្សត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយបានជួលគ្រូមកពីបរទេសដើម្បីបណ្ដុះបណ្ដាល និងបញ្ចូនមន្ត្រីទៅសិក្សានៅក្រៅប្រទេស និងការរៀបចំបង្កើតវិទ្យាស្ថានបច្ចេកទេសសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងស្រុក ។
សម្រាប់ទិសដៅការងារឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានកំណត់យកឆ្នាំ២០២០ គឺជាឆ្នាំពង្រីកការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន និងភស្ដុភារកម្ម ដែលគ្រប់ផ្នែកទាំងអស់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនត្រូវតែបន្ត ពន្លឿន ពង្រីកដោយឈរលើគុណភាពជាចម្បងឱ្យស្របតាមទិសដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!