លោក ព្រាប កុល ៖ ការដាក់លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺជាការចំណាយលុយរបស់ពលរដ្ឋយ៉ាងខ្ជះខ្ជាយឥតប្រយោជន៍
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថា ការដាក់លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺជាការចំណាយលុយរបស់ពលរដ្ឋយ៉ាងខ្ជះខ្ជាយឥតប្រយោជន៍ ។
យោងតាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានសរសេរថា ៉ ប៉ុន្មានថ្ងៃនេះ ឃើញគេផ្អើលនាំគ្នានិយាយអំពីការកុម្មង់ទិញផ្លាកលេខរថយន្តពិសេស ដែលមានឈ្មោះ ឬអត្តសញ្ញាណម្ចាស់រថយន្តផ្ទាល់ខ្លួន ដែលមានតម្លៃរាប់សិបលានរៀល...។ ដោយលោក ព្រាប កុល បានលើកឡើង ដោយសរសើរដល់ក្រសួង ដែលចេះនឹករកវិធីឱ្យពលរដ្ឋខ្លួនចំណាយលុយ ដើម្បីបង្កើនចំណូលដល់រដ្ឋ ។ ប៉ុន្តែលោក ព្រាប កុល បានលើកឡើងថា ការចាយលុយ ហាក់ដូចជាឥតបានទទួលតម្លៃបន្ថែមអ្វីមកដល់ពលរដ្ឋវិញទេ ឬនិយាយម្យ៉ាងទៀតនោះ ថា ពលរដ្ឋខ្ជះខ្ជាយលុយឥតប្រយោជន៍ ។
ជាមួយគ្នានោះ សង្គមស៊ីវិលរូបនេះ ក៏បានលើកឡើងអំពីការលំបាកក្នុងការរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ផងដែរ ជាពិសេស ពេលម្ចាស់រថយន្តបើករថយន្តរត់គេចខ្លួនពីការទទួលខុសត្រូវ (ប្រសិនបើមានឈ្មោះស្ទួន) ។
លោក ព្រាប កុល សង្កត់ធ្ងន់ថា កុំថាឡើយទៅដល់ការចំណាយលុយរបស់លោកផ្ទាល់ ដើម្បីកុម្មង់ទិញផ្លាករថយន្តពិសេស ដែលមានឈ្មោះរបស់លោក សូម្បីតែមានគេចេញលុយឱ្យលោកដាក់ផ្លាកលេខឈ្មោះផ្ទាល់ខ្លួន ហើយបង់ប្រាក់បន្ថែមឱ្យលោករាប់សិបលានទៀត ក៏លោកមិនធ្វើផ្លាកលេខប្រភេទនេះដែរ ដោយលោកបញ្ជាក់ថា មិនបាច់សួររកពីមូលហេតុនោះទេ...៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!