អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងត្រួតពិនិត្យច្រកទ្វារ
លោក ណុប វី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងត្រួតពិនិត្យច្រកទ្វារ ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុប ១០០នាក់( ស្រី ០៨នាក់ ) ដែលជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ទើបផ្ទេរចូលថ្មី មកពីអង្គភាពដទៃ ចំណុះក្រសួងមហាផ្ទៃ ដោយបច្ចុប្បន្នកំពុងបម្រើការនៅតាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដែលបង្រៀនដោយក្រុមគ្រូបង្គោល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក ណុប វី បានផ្តាំផ្ញើដល់សិក្ខាកាម ទើបបញ្ចប់ការសិក្សាទាំងអស់ ឱ្យយកចំណេះដឹង ជំនាញទៅប្រើប្រាស់នៅកន្លែងបំពេញការងារ ខិតខំបន្តការស្រាវជ្រាវ សិក្សារៀនសូត្រ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិន័យកងកម្លាំងនគរបាលជាតិ លុបបំបាត់នូវបាតុភាពអសកម្មនានា និងលើកកម្ពស់ការផ្តល់សេវាអន្តោប្រវេសន៍ នៅតាមច្រកទ្វារអន្តរជាតិ ជូនអ្នកដំណើរជាតិ និងអន្តរជាតិឱ្យបានប្រសិទ្ធភាពខ្ពស់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!