គណៈកម្មការមូលបត្រកម្ពុជា បានរៀបចំវេទិកាស្តីពី “ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា” ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០
គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានរៀបចំវេទិកាស្តីពី “ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា” ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០ ក្រោមការចូលរួមរបស់លោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក. ។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បូកសរុបការងារប្រតិបត្តិការអាជីវកម្ម មេរៀនបទពិសោធន៍ ក្នុងឆ្នាំ២០១៩ ព្រមទាំងវឌ្ឍនភាព និងការវិវត្តថ្មីៗនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាកំណត់នូវធាតុចូលដើម្បីតម្រង់ទិសក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ប្រកបដោយតម្លាភាព វិជ្ជាជីវៈជំនាញ អនុលោមភាពតាមច្បាប់ និងដើម្បីជំរុញនូវការអភិវឌ្ឍទីផ្សារនេះប្រកបដោយប្រសិទ្ធភាព កាត់បន្ថយហានិភ័យឱ្យបានជាអតិបរិមា និងកសាងទំនុកចិត្តក្នុងទីផ្សារក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
កិច្ចពិភាក្សានៅក្នុងវេទិកានេះ ក៏បានលើកឡើងផងដែរ អំពីការពង្រឹងសមត្ថភាព និងពង្រឹងគុណវុឌ្ឍចំពោះអ្នកបណ្តុះបណ្តាល ព្រមទាំងគ្រូបង្គោលនៅក្នុងទីផ្សារឧបករណ៍និស្សន្ទ ដើម្បីធានាឱ្យបាននូវទំនុកចិត្តខ្ពស់ពីវិនិយោគិនទូទៅ។
វេទិកានេះ មានការចូលរួមពីក្រុមហ៊ុនដែលធ្វើអាជីវកម្មឧបករណ៍និស្សន្ទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមាន ៖ ក្រុមហ៊ុនសមភាគីកណ្តាល និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលទទួលបានអាជ្ញាបណ្ណ ពី គ.ម.ក. សរុបចំនួន ៦០ រូប ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!