អាជ្ញាធរជាតិអប្សរារៀបចំសោភ័ណ្ឌភាពចំណត និងតូបលក់ដូរឡើងវិញ ក្នុងបរិវេណប្រាសាទអង្គរធំ
ការងាររៀបចំសោភ័ណ្ឌភាពនៅមុខប្រាសាទព្រះពិធូរ នឹងជួយលើកកម្ពស់តម្លៃបេតិកភណ្ឌ និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ។
ដើម្បីរក្សាសោភ័ណ្ឌភាពប្រាសាទ និងឆ្លើយតបនឹងអនុសាសន៍របស់គណៈកម្មាធិការICC-Angkor អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសោភ័ណ្ឌភាពចំណត និងតូបលក់ដូរឡើងវិញនៅមុខប្រាសាទព្រះពិធូរ ក្នុងបរិវេណប្រាសាទអង្គរធំ ដោយការងារនេះរៀបចំឡើងដោយគិតគូរទៅលើការលើកកម្ពស់បរិស្ថាន និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់អង្គរ។
លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តន៍គម្រោងនេះ បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងនៅបរិវេណក្រុមប្រាសាទព្រះពិធូរ បន្ទាប់ពីក្រុមការងាបានរៀបចំប្លង់រួចរាល់។
លោក សុខ សង្វារ បញ្ជាក់ថា ការរៀបចំសោភ័ណ្ឌភាពចំណត និងតូបលក់ដូរនេះក្រុមការងារបានគិតគូរលើបរិស្ថាន និងបុរាណវិទ្យាជាសំខាន់ ។ ជាក់ស្តែង ការរៀបចំប្លង់នេះត្រូវធ្វើឡើងដោយផ្អែកលើការចុះអង្កេតជាក់ស្តែងរបស់ក្រុមការងារគ្រប់គ្រងព្រៃឈើ និងបរិស្ថាន រួមនិងការធ្វើកំណាយបុរាណវិទ្យា ផងដែរ ។
ជាមួយគ្នានេះ លោកបានបន្ថែមថា ការចុះពិនិត្យលើកនេះ គឺដើម្បីកែសម្រួលនូវគំរូបប្លង់មួយចំនួន តាមការណែនាំរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាជំនួបពិភាក្សាកន្លងទៅថ្មីៗនេះ ។ លោកសង្ឃឹមថា មិនយូរទេ ក្រោយគម្រោងនេះត្រូវបានអនុវត្តន៍ហើយ ភ្ញៀវទេសចរនឹងបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទព្រះពិធូរ ដែលកន្លងមកភ្ញៀវទេសចរជាច្រើនបានដើររំលង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!