លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមពីសំណាក់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមពីសំណាក់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លោក ស៊ុន ចាន់ថុល បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន និងកំពុងបន្ត ព្រមទាំងទិសដៅការងារនាពេលអនាគតរបស់ក្រសួង ក្រោមគំនិតផ្តូចផ្ដើមកំណែទម្រង់ថ្មីៗ ផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរផងដែរពីឆន្ទៈដ៏មោះមុតរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ក្នុងឳកាសនោះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួង ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសាធារណៈ និងដឹកជញ្ជូន ជាពិសេសលើគម្រោងនានាដែលសហរដ្ឋអាមេរិកអាចចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពកម្ពុជាឱ្យឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតទៀត។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញភាពរីករាយស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងគម្រោងនានាក្នុងពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!