គណៈប្រតិភូរមណីយដ្ឋានហ័ងសាន បំពេញទស្សនកិច្ចក្នុងរមណីយដ្ឋានអង្គរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យគណៈប្រតិភូរមណីយដ្ឋានហ័ងសាន ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Zhao Ming ប្រធានការិយាល័យកិច្ចការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាពីកិច្ចការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍ ឲ្យកាន់តែប្រសើរជាងមុន ហើយបន្តការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងរមណីយដ្ឋានអង្គរ និងហ័ងសាន ។
ក្នុងជំនួបពិភាក្សានេះ លោក សុខ សង្វារ ថា កន្លងមក អាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូហ័ងសាន បានធ្វើកិច្ចសហប្រតិបត្តិការរវាងរមណីយដ្ឋានអង្គរ និងហ័ងសាន ដោយមានការធ្វើការតាំងពិរពណ៌រមណីយដ្ឋានហ័ងសាន នៅបន្ទាយស្រី និងបានធ្វើការតាំងពិរពណ៌រមណីយដ្ឋានអង្គរនៅហ័ងសាន ខេត្តអានហ៊ុយ ប្រទេសចិន ផងដែរ ។
លោក សុខ សង្វារ បានលើកឡើង អំពីការពង្រីកនូវការផ្សព្វផ្សាយតំបន់បេតិកភណ្ឌទាំងពីរ ឲ្យបានជ្រួតជ្រាបដល់ពិភពលោក និងធ្វើឲ្យតំបន់បេតិកភណ្ឌទាំងនោះ កាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត។
លោក Zhao Ming ប្រធានការិយាល័យកិច្ចការបរទេស បានលើកសរសើរនូវភាពអស្ចារ្យនៃរមណីយដ្ឋានអង្គរ និងកិច្ចការអភិរក្សរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសទៅទៀតលោកថ្លែងថា លោកនឹងផ្សព្វផ្សាយរមណីយដ្ឋានអង្គរនៅរមណីយដ្ឋានហ័ងសាន និងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទាក់ទាញទេសចរឲ្យមកទស្សនាអង្គរ។
ក្នុងជំនួបលើកនេះ ជាកិច្ចពិភាក្សាបន្ថែមទៀត ដើម្បីឈានទៅដល់ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នារវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ នាពេលខាងមុខ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!