លោក ស ខេង អនុញ្ញាតឲ្យសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្តែងការគួរសម
នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក KazuyukINAKANE សមាជិករដ្ឋសភា និងជាអតីតរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។
លោករដ្ឋមន្ត្រី ស ខេង បានស្វាគមន៍ចំពោះលោក KazuyukINAKANE និងបានថ្លែងអំណរគុណតាមរយៈលោកចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងជប៉ុន ជាពិសេសការចូលរួមចំណែករបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា មានដូចជា ៖ ជំនួយឥតសំណង និងជំនួយផ្សេងៗទៀត ដែលនេះជាការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានោះដែរ លោកសមាជិកសភាជប៉ុន បានលើកឡើងថា លោកពិតជាមានក្តីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកក៏អាចនិយាយថា លោកជាសមាជិកសភាមួយរូបរបស់ជប៉ុន ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាច្រើនជាងគេផងដែរ ។
ជាងនេះទៅទៀត លោកក៏មានទំនាក់ទំនងល្អជាមួយនឹងមន្ត្រីរាជការ ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅក្នុងខេត្តសៀមរាប ផងដែរ។ លោកសមាជិកសភា បានបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ លោកពិតជាមើលឃើញនៅវឌ្ឍនភាពរបស់កម្ពុជា និងមើលឃើញយុវជនកម្ពុជាកាន់តែមានភាពរស់រវើកក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួនប្រកបដោយក្តីសង្ឃឹមផងដែរ។
ជាការឆ្លើយតប លោក ស ខេង ក៍បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់លោកសមាជិកសភាជប៉ុន មកលើវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាស្ថានភាពទូទៅរបស់កម្ពុជា ដោយលោក ស ខេង បានជម្រាបផងដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកកម្ពស់ និងជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជាឲ្យចូលរួមនៅក្នុងសកម្មភាពនយោបាយ ក៏ដូចជាចូលរួមនៅក្នុងសកម្មភាពកសាង និងអភិវឌ្ឍសង្គមជាតិផងដែរ ជាពិសេសលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងសង្គម។
ជាងនេះទៀត លោករដ្ឋមន្ត្រី ក៏បានជម្រាបថា នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាច្រើនក្នុងការជំរុញដល់យុវជនវ័យក្មេង ដើម្បីចូលរួមនៅក្នុងសកម្មភាពសង្គម ហើយរាជរដ្ឋាភិបាល ក៏កំពុងតែខិតខំប្រើប្រាស់នូវសក្តានុពលនៃធនធានមនុស្សវ័យក្មេងនេះក្នុងការអភិវឌ្ឍសង្គមជាតិអោយកាន់មានប្រសិទ្ធភាពផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!