ទេសាភិបាលធនាគារជាតិនៃកម្ពុជា ៖ កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ក្នុងអត្រា ៧,១% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក៏ដោយ
នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ក្រោមវត្តមានរបស់លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាប្រមាណ ៧០០នាក់ ។
សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជា សម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗសម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។
លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងអំពី សមិទ្ធិផលកាងារដែលសម្រេចបាន នាកន្លងពេល ដែលរួមមាន ៖
- កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ក្នុងអត្រា ៧,១% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក៏ដោយ
- អត្រាអតិផរណាមានកម្រិតទាបហើយអត្រាប្ដូរប្រាក់មានស្ថិរភាពល្អប្រសើរ ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនរឹងមាំនៃលំហូរមូលធនដែលបានជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា
- ទុនបម្រុងអន្តរជាតិបានបន្តគរពូនជាលំដាប់ក្នុងកម្រិតខ្ពស់ ដែលបានរួមចំណែករក្សាជំនឿទុកចិត្តមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា
- វិស័យធនាគារមានសុខភាពល្អ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា
- ប្រព័ន្ធធនាគារត្រូវបានធ្វើទំនើបកម្មជាលំដាប់ស្របពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុបានវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងប្រព័ន្ធទូទាត់ ដែលធ្វើឱ្យការផ្តល់សេវាហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួល សុវត្ថិភាពនិងប្រសិទ្ធភាព
- អរគុណសន្តិភាព ដែលបានធានាការអភិវឌ្ឍប្រកបដោយចីរភាព និងការរីកចម្រេីនលេីគ្រប់វិស័យ ហេីយបានពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!