អាជ្ញាធរជាតិអប្សរា បង្ហាញយុទ្ធសាស្ត្រគន្លឹះសំខាន់ៗដែលនាំឲ្យការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការជោគជ័យ
យុទ្ធសាស្ត្រគន្លឹះសំខាន់ៗដែលនាំឲ្យការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការជោគជ័យ ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល លើកឡើងថា រហូតមកដល់បច្ចុប្បន្នដោយអ្នកជំនាញជាតិកាន់តែមានសមត្ថភាពខ្ពស់ ដូច្នេះអាជ្ញាធរជាតិអប្សរាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្ស និងជួសជុលប្រាសាទ ជាពិសេស កិច្ចការគ្រប់គ្រងទឹក ដែលជាភារកិច្ចសំខាន់ដែរនោះ ក៏ទទួលបានភាពជោគជ័យជាច្រើនផងដែរ ដោយចាប់ពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសិក្សាពីរចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ដសម័យបុរាណ និងឈានដល់ការស្ដារឡើងវិញ ។ ជាក់ស្ដែងក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរា បានស្ដារប្រព័ន្ធបង្ហូរទឹកដែលមានប្រភពពីភ្នំគូលែនចូលទៅក្នុងបារាយណ៍ជ័យតដាក ឬបារាណយ៍ខាងជើង ដែលបារាយណ៍នេះបានគោកគ្មានទឹកអស់រយៈកាលជាង៥០០ឆ្នាំមកហើយ ។
លោក ឡុង កុសល បានបន្ថែមថា ចំណុចនេះ គឺមានសារសំខាន់ណាស់ដែលអាជ្ញាធរជាតិអប្សរាប្រឹងប្រែងធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដសម័យបុរាណមានជីវិតឡើងវិញ ដើម្បីកិច្ចអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពវិស័យកសិកម្មរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានស្ដារកសិន្ធុសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ៖ កសិន្ធុប្រាសាទព្រះខ័ន កសិន្ធុប្រាសាទអង្គរវត្ត និងកសិន្ធុក្រុងអង្គរធំ ដែលពីមុនទីតាំងទាំងនោះមានទឹកតែក្នុងរដូវវស្សាតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្ដបុរាណសរុបប្រមាណ ៥២គីឡូម៉ែត្រ។ តាមរយៈការដំណើរការឡើងវិញនូវប្រព័ន្ធធារាសាស្រ្ដបុរាណនេះ ទោះបីជាក្នុងរដូវប្រាំងយ៉ាងណាក្ដី រមណីយដ្ឋានអង្គរនៅតែមានទឹកបរិបូរណ៍ ។
បច្ចុប្បន្ន ទាំងបារាយណ៍ និងកសិន្ធុប្រាសាទទាំងអស់ អាចផ្ទុកទឹកក្នុងកម្រិតអតិបរិមាជាង១០០លានម៉ែត្រគូប។ ក្រៅពីប្រើប្រាស់លើការអភិរក្សប្រាសាទ ហើយនោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនចែកចាយទឹកពីបារាយណ៍ទឹកថ្លា ដល់ស្រែប្រជាពលរដ្ឋលើផ្ទៃដី ៧,៥០០ហិកតា ការបង្កបង្កើនផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាចែកចាយដល់រដ្ឋាករទឹកស្អាតដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃដល់ពលរដ្ឋក្នុងក្រុងសៀមរាបមួយកម្រិតទៀត ។
បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងទឹកទាំងនេះ លោក ឡុង កុសល បញ្ជាក់ថា ក្នុងនោះអាជ្ញាធរជាតិក៏មានគោលការណ៍ស្ដាររចនាសម្ព័ន្ធធារាសាស្ត្របុរាណផ្សេងទៀត ដែលបច្ចុប្បន្នគោករីងទឹកអស់ឲ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍អភិរក្សប្រព័ន្ធធារាសាស្រ្ដបុរាណ ផង និងជាប្រភពទឹកប្រើប្រាស់សម្រាប់មនុស្សបច្ចុប្បន្ន ផងដែរ ។
សូមជម្រាបជូនថា នៅឆ្នាំ២០២០នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង។ សមិទ្ធផលជាច្រើនកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរទទួលបានការកោតសរសើរពីសំណាក់បណ្ដាប្រទេសជាមិត្ត និងស្ថាប័នអន្ដរជាតិជាច្រើន មានដូចជា ៖ អង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!