លោកស្រី ម៉ែន សំអន ផ្តល់អានុសាសន៍ ៤ចំណុច ដល់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចូលរួមពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី ។
ក្នុងពិធីនោះ លោកស្រី ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ដែលបានលើកកម្ពស់ និងផ្តល់ឱកាសដល់មន្ត្រីរាជការជានារី បានធ្វើការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងកិច្ចការនារី ។
ក្នុងនោះដែរ លោកស្រី លើកឡើងថា សកម្មភាពនេះ នឹងរឹតតែជួយជំរុញមន្ត្រីរាជការជានារី បានរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។
ក្នុងឳកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏បានផ្តល់អនុសាសន៍ដល់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី ដូចតទៅ ៖
- សមាសភាពដែលបានកែសម្រួល និងសមាសភាពបន្ថែមថ្មី សូមឲ្យអនុវត្តន៍នូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ។
- អនុវត្តន៍ឲ្យបានល្អនូវភារកិច្ច លក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។
- ថ្នាក់ដឹកនាំក្រសួងជួយផ្តល់ឱកាស ដើម្បីឲ្យសមាគមនារីមានលទ្ធភាពក្នុងការធ្វើសកម្មភាពរបស់ខ្លួនផងដែរ ។
- ជម្រុញឲ្យស្រ្តីដែលមានតួនាទីត្រូវបានកសាង និងពង្រឹងសមត្ថភាពរបស់ខ្លួន ដោយមានការជឿជាក់ ក៏ដូចជាទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!