អភិបាលខេត្តព្រះសីហនុ ៖ ក្រោយបិទល្បែងភ្នាល់អនឡាញ អ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន ជាពិសេស លើវិស័យសំណង់ និងទេសចរណ៍
លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដឹកនាំប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា បិទបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅឆ្នាំ ២០២០នេះ ធ្វើឱ្យអ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន និងវិស័យផ្សេងៗទៀត ដូចជា ៖ ផ្ទះជួល វិនិយោគផ្នែកសំណង់ និងទេសចរណ៍ ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បញ្ជាក់ថា ដោយសារទីក្រុងព្រះសីហនុ កំពុងជំរុញការសាងសង់ផ្លូវថ្នល់ និងប្រព័ន្ធលូរ ដូច្នេះមានតំបន់មួយចំនួនមានការឈូសឆាយដាច់ទឹក ភ្លើង ក៍ប៉ុន្តែក្រុមការងារបច្ចេកទេស ក៍បានតភ្ជាប់ជូនអតិថិជនប្រើប្រាស់វិញ វាមានផលប៉ះពាល់មួយចំនួនដល់អ្នកវិនិយោគ និងទេសចរ ផងដែរ ។
ក្នុងនោះដែរ លោក គូច សំរើន បន្តថា រដ្ឋបាលខេត្ត បានបង្កើតប្រព័ន្ធហតឡាញ ៦ខ្សែ ក្នុងការទំនាក់ទំនងផ្តល់ព័ត៌មានទាន់ហេតុការណ៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ព្រមទាំងបានណែនាំឱ្យមន្ទីរការងារប្រកាសផ្សព្វផ្សាយ ជូនដល់យុវជន ដើម្បីឱ្យពួកគាត់មករកការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើនកំពុងខ្វះកម្លាំងពលកម្ម ។ រដ្ឋបាលខេត្ត ក៍បានរៀបចំការជួបជុំជាមួយអ្នកវិនិ យោគពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើង ទៀតផង ។
ដោយឡែកលោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញចរាចរណ៏ប្រកាសបិទការភ្នាល់គ្រប់ប្រភេទតាមប្រព័ន្ធអេឡិចត្រូនិច online បានធ្វើឲ្យប៉ះពាល់ដល់កាស៊ីណូមួយចំនួនត្រូវបានបិទទ្វារ ប៉ះពាល់ការងារដល់យុវជន ផងដែរ ។ ក៏ប៉ុន្តែមានរោងចក្រ សហគ្រាសចិន នៅខេត្តព្រះសីហនុ ជាង ២០០កន្លែង បានផ្ដល់ការងារជូនយុវជនជិត ៥ម៉ឺននាក់ ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវ ជនជិត ៣ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ ។
លោកប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៍បានស្នើសុំឱ្យរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលបច្ចុប្បន្នត្រូវការកម្លាំងពលកម្មជាច្រើនបន្ថែមទៀត ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!