នៅថ្ងៃស្អែកនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលប្រជុំពិភាក្សាចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើភាពមិនប្រក្រតីមួយចំនួន
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ ស្អែកនេះ នៅវិមានសន្តិភាព រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលប្រជុំពិភាក្សាចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើភាពមិនប្រក្រតីមួយចំនួន ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា ប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយលោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា នឹងជួបប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី ២១ ខែ មករា ឆ្នា ២០២០ នាវិមានសន្តិភាព ក្រោមការសម្របសម្រួលដោយលោក ញឹក ប៊ុនឆៃ ប្រធានប្ដូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
ក្នុងកិច្ចប្រជុំនោះដែរ លោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា នឹងធ្វើបទបង្ហាញអំពីការអនុវត្តនីតិវិធីប្រឡងផ្ទៃក្នុងជ្រើសរើសចៅក្រម ព្រះរាជអាជ្ញា និងប្រឡងប្រជែងសិស្សចៅក្រម រួមជាមួយនឹងបញ្ហាមិនប្រក្រតីមួយចំនួន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ និងគ្រប់គ្រងរបស់កក្រសួងយុត្តិធម៌ ។
គួរបញ្ជាក់ដែរថា កន្លងទៅថ្មីៗនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ហ្គ័ង បានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីលេីនីតិវិធីរៀបចំការប្រឡងប្រជែងសិស្សចៅក្រម ដែលត្រូវបានបេក្ខជនប្ដឹង ថា ជាការប្រឡងដោយខ្វះតម្លាភាព ។ ជាមួយគ្នានោះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបេីកការស្រាវជ្រាវ និងរកឃេីញភាពមិនប្រក្រតីផ្ទួនៗមួយចំនួនថែមទៀតលេីនីតិវិធីប្រឡងផ្ទៃក្នុងជ្រេីសរេីសចៅក្រម និងព្រះរាជអាជ្ញា ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!