លោក ស ខេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នាឱកាសបំពេញទស្សនកិច្ចអស់រយៈពេល៣ថ្ងៃ នៅទីក្រុងហូជីមិញ លោក ស ខេង បានចុះហត្ថលេខារួមគ្នាលើឯកសារផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់ការអនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយលោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានខ្លឹមសារផ្ដោតសំខាន់ទៅលើការលើកកម្ពស់តួនាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងបន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួង បើកកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃ នៃកម្ពុជា និងក្រសួងនគរបាល នៃវៀតណាម ជាមួយសមភាគីវៀតណាម ដឹកនាំលោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះផងដែរ លោករដ្ឋមន្ត្រី ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីគណៈប្រតិភូភាគីវៀតណាម និងបានជួបប្រជុំពិភាក្សាការពាក់ព័ន្ធផ្សេងៗ ហើយក៏ទទួលបាននូវលទ្ធផលនៃកិច្ចសហការព្រមព្រៀងលើផ្នែកពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ។
លើសពីនេះទៀត រដ្ឋាភិបាល និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាព ជូនក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជន ផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!