លោកស្រី ម៉ែន សំអន ចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលពិធីបានប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំសន្និបាតនានេះ គឺមានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០១៩ និងលើកឡើងអំពីសមិទ្ធផលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរនៅរាជធានី-ខេត្ត ការប្រឈម និងវិធានការណ៍ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ និងទិសដៅសម្រាប់អនុវត្តន៍បន្តក្នុងឆ្នាំ២០២០ ដើម្បីសម្រេចឲ្យបានតាមផែនការ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
លោកស្រីរដ្ឋមន្ត្រី បានស្នើឲ្យមន្រ្តីរាជការទាំងអស់ត្រូវមានលក្ខណៈសម្បត្តិថ្លៃថ្នូ ប្រែក្លាយខ្លួនទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូរអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន សំដៅបម្រើសេវាសាធារណៈឲ្យប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវនា២ គឺ “កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មរតីឯករាជ្យ” ។
ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន ក៏បានស្នើឲ្យបង្កើតជាក្រុមពិភាក្សាតាមវិស័យចំនួន ៣ក្រុម មានដូចជា ៖ ក្រុម(ទី១) ពិភាក្សាលើការប្រឈមក្នុងការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងការផ្សព្វផ្សាយច្បាប់ ក្រុម(ទី២) ពិភាក្សាលើការប្រឈមក្នុងការងារអធិការកិច្ច ដោះស្រាយពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ និងក្រុម(ទី៣) ពិភាក្សាលើការប្រឈមក្នុងការងាររដ្ឋបាល ផែនការការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដើម្បីប្រមូលបាននូវធាតុចូលដ៏សំខាន់ៗពីអង្គសន្និបាត ក្នុងការដាក់ចេញផែនការ និងសកម្មភាពសម្រាប់អនុវត្តន៍បន្ត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!