ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំលើកទី៣ ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារមួយចំនួនរបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុប្រធាន សមាជិកក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធ ជាច្រើនផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ប៊ុន ហុន បានលើកឡើងថា ការងារបន្តពិភាក្សាលើខ្លឹមសារមួយចំនួននេះ គឺ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះ កាន់តែមានតម្លៃខ្ពស់បន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាឲ្យការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ។
លោក ប៊ុន ហុន បានបន្តថា ក្រុមការងារអន្តរក្រសួង នឹងបន្តពិភាក្សាជាមួយអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ រកអ្វីដែលជាចំណុចមិនសមស្របសម្រាប់អនុវត្តន៍ក្នុងស្ថានភាពបច្ចុប្បន្ន ដែលតម្រូវឱ្យធ្វើវិសោធនកម្មឡើងវិញ ។
លើសពីនេះទៀត លោករដ្ឋលេខាធិការរូបនេះ ក៏បានស្នើឲ្យអង្គការសង្គមស៊ីវិល ព្រមទាំងដៃគូរពាក់ព័ន្ធទាំងអស់ចូលរួមជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល អោយអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យរាល់កិច្ចពិភាក្សាទាំងអស់ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ អាចស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ហើយប្រមូលបានធាតុចូលសំខាន់ៗក្នុងការធ្វើវិសោធនកម្មច្បាប់មួយនេះ ឲ្យមានភាពពេញលេញដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយស្របតាមការអនុវត្តការងារជាក់ស្តែង ផងដែរ។
សូមបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានគោលបំណងធានាការពារ សិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!