មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ការពង្រឹងជីវភាពពលរដ្ឋនៅតាមសហគមន៍ គឺចូលរួមកាន់តែប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ
ពិធីជួបសំណេះសំណាល និងចែកពូជសត្វគោ មាន់ ជ្រូក និងសម្ភារៈកសិកម្ម នៃគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយៈក្រសួងបរិស្ថាន ជូនដល់ប្រជាពលរដ្ឋ៦២ គ្រួសារ នៃសហគមន៍តំបន់ករពារធម្មជាតិអន្លង់ភេ ក្នុងដែនជម្រកសត្វព្រៃ»ព្រៃឡង់» ភូមិសាស្រ្តាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា «ការពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមកាន់តែប្រសើរក្នុងការពារ និងអភិរក្សធនធានធម្មជាតិ» ។
លោក សូ ខនឬទ្ធីគុណ បានបន្ថែមថា គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធ្វើការអភិវឌ្ឍសហគមន៍ និងជំរុញឱ្យសហគមន៍មានតួនាទីសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានជំរុញឱ្យប្រជាសហគមន៍ធ្វើយ៉ាងណាពង្រឹងការយកចិត្តទុកដាក់ថែទាំ ចិញ្ចឹមសត្វឱ្យបានល្អ ដើម្បីបង្កើនជីវភាពគ្រួសារ និងការចូលរួមក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ លើសពិនេះ លោកបានលើកទឹកចិត្តថែមទៀតដល់ប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អ ជាពិសេសនៅដែនជម្រកសត្វព្រៃ«ព្រៃឡង់» ដើម្បីជាប្រយោជន៍នៃការទទួលផលប្រយោជសម្រាប់សហគមន៍មូលដ្ឋានពីការលក់កាបូននាពេលខាងមុខ។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យសហគមន៍មូលដ្ឋានពង្រឹងការសហការគ្នាជាមួយសមត្ថកិច្ចគ្រប់ប្រភេទទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិបានល្អសម្រាប់នៅពេលបច្ចុប្បន្ននិងទៅអនាគត។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ដោយចាប់ផ្តើមពីឆ្នាំ២០១៦ ដើម្បីពង្រឹងងជីវភាពសហគមន៍ ដោយយកចិត្តទុកដាក់ពង្រឹងលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ និងការងារកសិកម្មប្រចាំគ្រួសារ បានល្អប្រសើរ និងលើកទឹកចិត្តសហគមន៍ចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា ។
គម្រោងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ចាប់ផ្តើមផ្តល់ជួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដោយចាប់ឆ្នាំ២០១៧ បានចំនួន១០សហគមន៍ ឆ្នាំ២០១៨ បាន១០សហគមន៍ និងនៅឆ្នាំ២០១៩ ជួយបាន៥ សហគមន៍បន្ថែមទៀត ដែលក្នុងនោះ មានសហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តខេត្តស្ទឹងត្រែងនេះ ផងដែរ។ ជាសរុប សហគមន៍តំបន់ការពារធម្មជាតិចំនួន២៥ ហើយ បានទទួលគម្រោង ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!