រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូប ក្នុងករណីហឹង្សាលើយុវតីម្នាក់
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះអាជ្ញារួចហើយ ក្នុងការបន្តបណ្ដឹងអាជ្ញា លើយុវតី ៤ រូប ដែលប្រើហឹង្សាលើយុវតីម្នាក់ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ។
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងប្រតិភូក្រសួងយុត្តិធម៌ ជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤ រូប លើដែលប្រើហឹង្សាលើយុវតីម្នាក់ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់ជាធរមាន ។
ការអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពី លោក ពេជ្រ ស្រស់ បានផ្ញើរលិខិតមួយច្បាប់ជូនលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្នើសុំពិនិត្យការអនុវត្តច្បាប់លើករណីយុវតី ៤រូប ដែលប្រើហឹង្សាមកលើយុវតី១រូប ដោយបានបញ្ចប់រឿងត្រឹមបង់លុយ ២០០០ដុល្លារ ប៉ុណ្ណោះ ។
សូមរំលឹកថា កាលពីថ្មីនេះ មានករណីក្មេងស្រី ៤នាក់ បានព្រួតគ្នាវាយក្មេងស្រីម្នាក់ រៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ដោយក្នុងករណីនេះ គ្រាន់តែតម្រូវឱ្យអាណាព្យាបាល និងសិស្សបង្កហេតុទាំង៤នាក់ សុំទោសទៅអាណាព្យាបាល និងយុវតីជនរងគ្រោះ ប៉ុណ្ណោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!