ក្រសួងយុត្តិធម៌ បានពិភាក្សា និងបកស្រាយបំភ្លឺលើភាពមិនប្រក្រតីមួយចំនួន ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
ប្រតិភូក្រសួងយុត្តិធម៌ដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានពិភាក្សា និងបកស្រាយបំភ្លឺលើបញ្ហាមិនប្រក្រតីមួយចំនួន ផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូក្រសួងយុតិ្តធម៌បានទទួលនូវសំណួរ មតិយោបល់ និងសំណូមពរជាច្រើនពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលនៅក្នុងចំណោមសំណួរទាំងអស់នោះ គឺមានសំណួរដែលពាក់ព័ន្ធនឹងការប្រទ្បងប្រជែងផ្ទៃក្នុងជ្រើសរើសចៅក្រម-ព្រះរាជអាជ្ញា និងការរៀបចំការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ ដែលក្រសួងយុតិ្តធម៌បានធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖
១-ករណីការលើកទ្បើងទាក់ទងនឹងអាយុរបស់បេក្ខជនចូលរួមនៅក្នុងការប្រទ្បងប្រជែងផ្ទៃក្នុងជ្រើសរើសចៅក្រម-ព្រះរាជអាជ្ញា ៖ ដោយប្រតិភូក្រសួងយុតិ្តធម៌ បានបកស្រាយបំភ្លឺអំពីគោលការណ៍អនុវត្តន៍ច្បាប់ និងតម្រូវការចាំបាច់នៃការរៀបចំប្រទ្បងប្រជែងផ្ទៃក្នុងជ្រើសរើសចៅក្រម-ព្រះរាជអាជ្ញា ដើម្បីបំពេញនូវកង្វះខាតធនធានមនុស្សរបស់ក្រសួងលើកិច្ចការងារអធិការកិច្ច និងឈរលើស្មារតីនៃការលើកទឹកចិត្តដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងដែលមានបំណងអភិវឌ្ឍអាជីពការងារ ហើយដែលមានអតីតភាពបម្រើការងារយូរឆ្នាំជូនក្រសួង ប្រកបដោយសមត្ថភាពខ្ពស់ សកម្មការងារ និងមានបទពិសោធន៍ច្រើន ស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានលើកទ្បើងអំពីការលើកលែងនូវការកម្រិតអាយុរបស់មន្រ្តីរាជការនៅក្នុងការប្រទ្បងប្រជែងក្របខណ្ឌរដ្ឋ ហើយត្រូវផ្តោតទៅលើសមត្ថភាពវិជ្ជាជីវៈ និងការខិតខំប្រឹងប្រែងបំពេញការងារ។
២-ករណីការលើកទ្បើងអំពីការបំពេញឯកសារពាក្យសុំប្រទ្បងរបស់បេក្ខជនឈ្មោះសយ យូសុមនា ៖ ចំពោះករណីនេះ ក្រសួងបានបញ្ជាក់ថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានពិនិត្យស្រាវជ្រាវលើសំណុំឯកសារពាក់ព័ន្ធនឹងការដាក់ពាក្យសុំប្រទ្បងរបស់បេក្ខជននេះ និងបានរកឃើញថា បេក្ខជននេះបានទទួលនូវលិខិតបញ្ជាក់អំពីការបញ្ចប់សញ្ញាបត្របរិញ្ញាបត្រ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក៏បានចេញបង្កាន់ដៃទទួលស្គាល់ការដាក់ពាក្យប្រទ្បង ជូនសាមីខ្លួន នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឃើញថាមានឯកសារត្រឹមត្រូវតាមច្បាប់រួចមក។ ពាក់ព័ន្ធនឹងករណីនេះដែរ ក្រោយពីបានពិនិត្យល្អិតល្អន់រួចមក ទាំងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា ពុំមានភាពមិនប្រក្រតីណាមួយទ្បើយ ។
ជាមួយគ្នានោះ ប្រតិភូក្រសួងយុតិ្តធម៌ ក៏បានធ្វើការបកស្រាយបំភ្លឺអំពីគោលការណ៍សំខាន់ៗ ដែលធានាបានថាការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ សុក្រិត និងភាពអាចជឿទុកចិត្តបាន ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង និងនីតិវិធីនៃការប្រទ្បងប្រជែង ដែលត្រូវបានអនុវត្តតាំងពីការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ដូចមានរៀបរាប់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដោយដំណើរការនៃការប្រទ្បងប្រជែងនេះទាំងមូល ក៏បានទទួលនូវការចូលរួមសង្កេតការណ៍ពីគ្រប់ដំណាក់កាលរបស់អង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ។ ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ចំពោះការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានទទួលស្គាល់ និងវាយតម្លៃខ្ពស់លើភាពត្រឹមត្រូវ និងតម្លាភាពនៃការដំណើរការប្រទ្បងនេះ ទៀតផង ។
ក្រៅពីករណីទាំងអស់ខាងលើ ក្រសួងយុតិ្តធម៌ ក៏បានទទួលនូវមតិយោបល់ ព័ត៌មាន និងសំណូមពរពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មួយចំនួនទៀត ដែលបានលើកទ្បើងពីភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីច្បាប់ ភាពអសកម្ម និងបញ្ហាពុករលួយនៅក្នុងស្ថាប័នតុលាការ ដោយក្រសួងយុត្តិធម៌ បានបង្ហាញក្ដីរីករាយ និងសូមស្វាគមន៍ទទួលយកនូវមតិយោបល់ និងសំណូមពរនានា ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលចាត់ទុកថា នេះជាការចូលរួមចំណែក និងជាធាតុចូលយ៉ាងសំខាន់ក្នុងការគិតគូរពិចារណាសម្រាប់កិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌អោយកាន់តែល្អប្រសើរឡើង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!