អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា ក្នុងឆ្នាំ ២០១៩ មានអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសជិត ១ពាន់នាក់បានស្លាប់ និងរងគ្រោះ ខណៈជនជាតិចិនច្រើនជាងគេ
លោក ថោង លីម អគ្គស្នងការរងនគរបាជាតិ បានធ្វើការអំពាវនាវដល់មន្រ្តីនគរបាលទាំង អស់បង្កើនការយកចិត្តទុកដាក់កិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនដល់អ្នកវិនិយោគ និងភ្ញៀវទេស បរទេសបន្ថែមទៀត ខណៈឆ្នាំ២០១៩កន្លងទៅ មានអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសជិតមួយ ពាន់នាក់បានស្លាប់ និងរងគ្រោះដោយក្នុងនោះជនជាតិចិនច្រើនជាងគេ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយតំណាងអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ម្សិលមិញ លោក ថោង លីម បានលើកឡើងថា ករណីជនបរទេសដែលបានមកធ្វើការវិនិយោគ និងទេសចរណ៍នៅប្រទេសកម្ពុជា នាឆ្នាំ ២០១៩កន្លងទៅនេះ គឺបានជួបបញ្ហាប្រឈម មានការកើនឡើងជាងឆ្នាំ២០១៨ កន្លងទៅ ដែលតម្រូវអោយអាជ្ញាធរមានសមត្ថកិច្ចការពារត្រូវបង្កើនសកម្មភាពការពារពួកគេបន្ថែមទៀត និងឲ្យបានទាន់ពេលវេលាបំផុត ។
លោក ថោង លីម បានបន្តថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់សាធារណៈចំពោះគោលដៅស្ថានទូត និវេសនដ្ឋាន មន្រ្តីការទូត វិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេសប្រកបដោយសុវត្ថិភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះ ត្រូវបន្តពិភាក្សាការងារជាមួយបណ្តាស្ថានទូត ស្ថានតំណាងបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេលវេលា និងត្រូវដោះស្រាយរាល់សំណូមពររបស់អ្នកវិនិយោគិនបរទេសឲ្យបានឆាប់រហ័ស ផងដែរ។
សូមរំលឹកដែរថា នៅក្នុងឆ្នាំ២០១៩ មានជនបរទេសមកប្រទេសកម្ពុជា រងគ្រោះ៥៥៨ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៨ កើនឡើង៣១ករណីស្មើនឹង៥,៥ភាគរយ និងមានជនរងគ្រោះ៦៨១នាក់ ស្លាប់២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ២១៣នាក់ និងបទល្មើសផ្សេងៗ១២៣នាក់ ។ ក្រៅពីជនបរទេសរងគ្រោះ ក៏នៅមានជនបរទេសប្រព្រឹត្តបទល្មើសសរុបចំនួន ៣២៤ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៤៩ករណី ស្មើនឹង ១៥,១២%) ឃាត់ខ្លួន ១៤៣៣នាក់ មាន ៤០សញ្ជាតិ លើ ២២រាជធានីខេត្ត លើបទល្មើស ២៣ប្រភេទ សញ្ជាតិប្រព្រឹត្តបទល្មើសភាគច្រើនគឺចិន វៀតណាម ថៃ ឥណ្ឌា កូរ៉េខាងត្បូង ហើយភូមិសាស្ត្រដែលកើតមានភាគច្រើនគឺនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ។ ដោយឡែកករណីបណ្ដឹងសុំអន្តរាគមន៍សរុប ៥៧ករណី ក្នុងនោះ មិនទាន់បញ្ចប់មាន ៣៦ករណី ជារបស់ស្ថានទូតចិន ៣២ករណី ស្ថានទូតឥណ្ឌា ០១ករណី និងជនជាតិចិន ០៣ករណី ដោយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតបន្ត ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ២១ករណី ស្មើនឹង ៣៦,៨៤%)៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!