រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា កិច្ចការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស គឺដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ «យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេស ព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី និងភពផែនដីតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត»។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនានា ជួបសំណេះសំណាល ជាមួយសហគមន៍ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោងរ៉េដបូកនៃដែនជម្រក សត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រភូមិពូជូ ឃុំសែនមនោរម្យ ស្រុកអូររាំង និងប្រជាសហគមន៍ រួមទាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។
ក្នុងឳកាសនោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានា អង្គការដៃគូរួមមានអង្គការ WCS និង WWF នៅកម្ពុជា រួមនឹងប្រជាសហគមន៍ ដែលបានចូលរួមការពារ និងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ កន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។
ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ ដោយលោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹក និងថាមពល ដោយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ ៕
សូមគូសបញ្ជាក់ថា រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១) ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល (Result-Based Payment) ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!