លោក ជា សុផារ៉ា បើកការដ្ឋានសាងសង់អគារទីស្ដីការក្រសួងរៀបចំដែនដីថ្មី កម្ពស់ ៥ ជាន់
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមបញ្ចុះបឋមសិលាបើកការដ្ឋានសាង់សង់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនេះ មានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។
អគារនេះមានចំណតរថយន្តប្រមាណ ៤៥០កន្លែង សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ ១៥០នាក់ និងសាលសន្និបាតចំណុះ ១៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា។
អគារទីស្តីការក្រសួងថ្មីនេះ មានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ ។ ជាមួយគ្នានេះ សំណង់នេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសមយ័ទំនើបដែលបងា្ហញពីសន្តិភាព ស្ថេរភាព និងការសង្គ្រោះសំណង់ប្រភេទនេះឱ្យរស់ឡើងវិញ ជាសំណង់របស់រដ្ឋទុកតជំនាន់ ។
ចំណែកអគារទីស្តីការក្រសួងសព្វថៃ្ង ត្រូវរាជរដ្ឋាភិបាលបានប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ វិញ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!