លោក ប៊ិន ឈិន មានសុទិដ្ឋិនិយមថា ក្នុងបេសកកម្មការងារការទូតរបស់លោក W.Patrick Murphy នៅកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក នឹងមានភាពល្អប្រសើរឡើង
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ប៊ិន ឈិន បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះលោក W.Patrick Murphy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោក ប៊ិន ឈិន មានសុទិដ្ឋិនិយមថា ក្នុងបេសកកម្មការងារការទូតរបស់លោក W.Patrick Murphy នៅកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក នឹងមានភាពល្អប្រសើរឡើង ។
ក្នុងឳកាសនោះ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងអំពីជំនួបពិភាក្សាគ្នាជាវិជ្ជមានលើសកម្មភាពការងារជាច្រើនដែលសហរដ្ឋអាមេរិក បាននិងកំពុងធ្វើរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាអំពីការកសាងផ្លូវនៅតំបន់ជនបទ និងជួបជាមួយយុវជនកម្ពុជា ហើយចុងក្រោយនេះ លោក W.Patrick Murphy ក៏បានជួបជាមួយរដ្ឋមន្ត្រីមួយចំនួនក្នុងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះដូចជា ៖ លោករដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ជាដើម ជាពិសេស ជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភាគីទាំងពីរបានបង្ហាញនូវគោលជំហរដូចគ្នាជាច្រើនអំពីការតាំងចិត្តខ្ពស់ក្នុងការធ្វើឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ និងល្អប្រសើរឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោក W.Patrick Murphy បានចាត់ទុកការពិភាក្សាគ្នាទៅវិញទៅមកដែលមានលក្ខណៈជាវិជ្ជមាននេះ ថា ជាការផ្តល់នូវស្មារតីល្អប្រសើរជាងមុន ដោយលោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានពាណិជ្ជករមួយចំនួនរបស់សហរដ្ឋអាមេរិកនឹងមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
បន្ថែមពីលើនេះ លោក W.Patrick Murphy ក៏បានអោយដឹងដែរថា នៅខែមីនា ខាងមុខនេះ លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលោកទូត សង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាមេរិក-កម្ពុជា នឹងបានរឹតចំណងសាមគ្គីភាពកាន់តែល្អថែមទៀត ក៏ដូចជាចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ផងដែរ។
ក្នុងជំនួបនោះដែរ លោក ប៊ិន ឈិន ក៏បានលើកឡើង អំពីការផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងបង្កើត និងដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( អ.វ.ត.ក) ដោយកម្ពុជា ចាត់ទុក សហរដ្ឋអាមេរិក ជាឆ្មបមួយ ( Midwife) ដែលបានជួយតាក់តែងកិច្ចព្រមព្រៀង ស្តីពីការបង្កើតឱ្យមាន អ.វ.ត.ក ឬហៅកាត់ថា សាលាក្តីខ្មែរក្រហម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!