ក្រសួងបរិស្ថាន ជួបប្រជុំជាមួយតំណាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយលោក Adam Henson នាយកទទួលបន្ទុកខាងការងារអភិរក្សរបស់អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ប្រចាំសហរដ្ឋអាមេរិក និងលោក ទុយ សេរីវឌ្ឍនា នាយកអង្គការ WEA ប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់អង្គការនេះ ។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ៖ (១). បង្ហាញពីការងាររបស់អង្គការ ដែលបានធ្វើកន្លងមកនៅក្នុងប្រទេសតំបន់អាហ្រ្វិក និងអាមេរិកកណ្ដាលក្នុងការងារអភិរក្ស និងការពារជម្រកសត្វព្រៃ (២). ពិនិត្យ និងរាយការណ៍អំពីវឌ្ឍភាពការងារ និងសកម្មភាពជាក់ស្ដែងរបស់អង្គការ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងការប្រមូលទិន្នន័យនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង និងការងារអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងសត្វអណ្ដើកសមុទ្រ នៅខេត្តកំពត ផងដែរ ។
លោក សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់សកម្មភាពការងាររបស់អង្គការ និងបានណែនាំឱ្យអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ ចុះអនុស្សារណៈយោគយល់ ជាមួយក្រសួងបរិស្ថាន ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តការងារ និងរៀបចំទិសដៅការងារបន្ត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!