លោក ស ខេង ៖ ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធអត្តសញ្ញាណកម្ម គឺជាឆ្អឹងខ្នងនៃប្រព័ន្ធផ្ដល់សេវាទាំងអស់របស់រាជរដ្ឋាភិបាល ទាំងសេវាផ្នែកសាធារណៈ និងផ្នែកឯកជន
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) ដើម្បីពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ។
លោក កង សុខន អគ្គនាយកនៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានលើកឡើងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល មានសារសំខាន់ជាគន្លឹះសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ជាមូលដ្ឋានរបស់បុគ្គល លើកកម្ពស់ប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
លោក កង សុខន បន្តថា នៅឆ្នាំ២០១៩ គឺជាឆ្នាំទី៣ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦ ដែលការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្ម ដែលបានដំណើរការសកម្មភាពជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗស្របតាមគោលដៅយុទ្ធសាស្រ្តដែលបានគ្រោងទុក គឺ មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ ។
ក្នុងកិច្ចប្រជុំនោះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្នប្រទេសជាច្រើននៅលើសកលលោកបានផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋរបស់ខ្លួន និងការធ្វើអោយប្រសើរឡើងតាមរយៈការធ្វើទំនើបកម្មតាមប្រព័ន្ធគ្រប់គ្រង និងការផ្លាស់ប្តូរប្រព័ន្ធការងារនៃការចុះបញ្ជីដោយដៃដូចជា៖ អត្រានុកូលដ្ឋាន គ្រប់គ្រងការស្នាក់នៅ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន អោយទៅជាការចុះបញ្ជីរតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលការផ្លាស់ប្តូរនេះជាតម្រូវការចាំបាច់ ។
លោករដ្ឋមន្ត្រី បានបន្តថា ជាការចាំបាច់ប្រទេសនីមួយៗ ត្រូវរៀបចំខ្លួនសម្រាប់សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីអោយទាន់ប្រទេសជិតខាងក្នុងតំបន់ ក្នុងការអភិវឌ្ឍជាតិ និងអភិវឌ្ឍន៍ដោយឆាប់រហ័សនូវបច្ចេកវិទ្យាទំនើបៗ ដូចនេះការកែទម្រង់ប្រព័ន្ធការគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការជាអាទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា ដោយលោក ស ខេង បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធអត្តសញ្ញាណកម្មនេះ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធផ្ដល់សេវាទាំងអស់របស់រាជរដ្ឋាភិបាល ទាំងសេវាផ្នែកសាធារណៈ និងផ្នែកឯកជន ហើយក៏ជាកិច្ចការដែលកម្ពុជា ត្រូវចូលរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ពិសេសគឺក្របខណ្ឌកម្មវិធីថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអត្រានុកូលដ្ឋាន និង ស្ថិតិអត្រានុកូលដ្ឋាន (២០១៥-២០២៤) ដែលបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកកប្រទេសថៃ កាលពីខែវិច្ឆិកាឆ្នាំ២០១៤ ផងដែរ ។
លោក ស ខេង បានបន្តថា ការវាយតម្លៃការអនុវត្តសាកល្បងច្រកចេញចូលតែមួយ ដោយការផ្តល់សេវាអត្តសញ្ញាណកម្មនៅខេត្តកំពត និងខេត្តកែប និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺជាកិច្ចការដ៏ចំបងដំបូងគេសម្រាប់ត្រួសត្រាយផ្លូវក្នុងការរៀបចំប្រព័ន្ធសម្រាប់ចុះបញ្ជី និងគ្រប់គ្រងអត្តសញ្ញាណបុគ្គលស្របតាមស្តង់ដារជាសាកល។
ជាមួយគ្នានោះដែរ ក្នុងកិច្ចប្រជុំកន្លងទៅ ជាការកត់សម្គាល់ បញ្ហាគន្លឹះមួយចំនួនដែលត្រូវជជែកគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការតាក់តែងសេចក្តីព្រាងច្បាប់មួយនេះ កាន់តែងាយស្រួល និងច្បាស់លាស់ ដូចជា តួនាទីមន្ត្រីអត្រានុកូលដ្ឋាននៅឃុំ-សង្កាត់ ការជ្រើសរើស និងពិចារណាក្នុងការតែងតាំងមន្ត្រីអត្រានុកូលដ្ឋានបន្ថែមនៅបណ្តាថ្នាក់ស្រុក-ក្រុង និងថ្នាក់រាជធានី-ខេត្ត និង តួនាទីប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងមន្ត្រីអត្រានុកូលដ្ឋាន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!