រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ពុំមានការឆ្លងជំងឺរលាកសូតប្រភេទថ្មី ដោយវីរុសកូរ៉ូណា នៅលើទឹកដីខេត្តសៀមរាប នោះឡើយ ខណៈមនុស្ស ២ នាក់ ដែលបានប្រឌិតព័ត៌មានមិនពិត បានចេញមុខមកសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ពុំមានការឆ្លងជំងឺរលាកសូតប្រភេទថ្មី ដោយវីរុសកូរ៉ូណា នៅលើទឹកដីខេត្តសៀមរាប នោះឡើយ ខណៈមនុស្ស ២ នាក់ ដែលបានប្រឌិតព័ត៌មានមិនពិត បានចេញមុខមកសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច ។
នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានចេញសេចក្ដីបំភ្លឺមួយ ដោយអះអាងថា ពុំទាន់រកឃើញាមានករណីជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-CoV) ណាមួយនៅក្នុងទឹកដីរបស់ខ្លួនឡើយ ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់សាធារណជន កុំបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ផងដែរ ។
ក្រោយអាជ្ញាធរខេត្តសៀមរាប បំភ្លឺ រួចហើយ មានមនុស្ស២នាក់ ដែលបានប្រឌិតព័ត៌មាន ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ថា ករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា នៅក្នុងខេត្តសៀមរាប បានចេញមុខមកសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ពួកគាត់ឈប់ចែកចាយព័ត៌មានប្រឌិត បែបនេះទៀតហើយ។
នគរបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកទាំង២នាក់ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត កូរ៉ូណា ក្នុងខេត្តសៀមរាបនេះ មានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ ដែលពួកគេជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍។ ពួកគេបានមកសារភាពកំហុស ចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្រោយធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចរួច អ្នកទាំង២នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។
សូមជម្រាបថា កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ មានការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានជនជាតិចិន ចំនួន ៤ នាក់ ដែលស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានជំងឺរលាកសួតដោយវីរុសកូរ៉ូណា និងបានឆ្លងទៅមគ្គុទេសក៍ភាសាចិន ម្នាក់ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!