ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អះអាងថា សជណ របស់រាជរដ្ឋាភិបាលមួយចំនួន ត្រូវក្រុមមន្ត្រីជំនាញ ទទួលយកទៅទុកចោល
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចប្រជុំប្រចាំខែ ដើម្បីបង្ហាញអំពីលទ្ធផលការងារ បេសកកម្មរបស់ខ្លួន ប្រចាំខែ មករា និងលើកបញ្ហាប្រឈមមួយចំនួនទៀត ។
កិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២០ នេះ គឺដឹកនាំដោយលោក ញឹក ប៊ុនឆៃ ប្រធានប្ដូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយមានការចូលរួមពីប្រតិភូគណបក្សទាំង១៦នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានមេីលឃេីញ អំពីភាពយឺតយ៉ាវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួន ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ មិនតែប៉ុណ្ណោះ បុគ្គលមួយចំនួន ដែលអាងមានអំណាច បានប្រេីប្រាស់ឥរិយាបទរំលោភបំពានសិទ្ធិ និងកំហែងយកទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ ទៀតផង ។
ជាមួយគ្នានោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ការចេញសេចក្តីជូនដំណឹងរបស់ទីស្តីការគណ:រដ្ឋមន្ត្រី (សជណ) ដែលជាលិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីប្រជាពលរដ្ឋ ដីធ្លីរដ្ឋ បទល្មើសព្រៃឈេី បទល្មើសជលផល ជាដើម នោះ អាជ្ញាធរមានសមត្ថកិច្ចជំនាញ ហាក់មិនសូវរវីរវល់ ដោយទាល់តែមានការស្រែកបញ្ជាពីលោកនាយករដ្ឋមន្ត្រី ទើបមន្ត្រីទាំងនោះធ្វើការដោះស្រាយ រហូតមាន សជណ មួយចំនួន ក្រុមមន្ត្រីជំនាញទទួលយកទៅទុកចោល ទៀតផង ។
ជាទិសដៅការងារសម្រាប់ឆ្នាំ ២០២០ នេះ ប្រតិភូគណបក្សនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្ដេជ្ញាក្នុងការបន្តតាមដានការអនុវត្តច្បាប់ បង្កេីនប្រតិទិនចុះបេសកកម្ម ជួបប្រជុំធ្វេីបទបង្ហាញ ប្រជុំពិភាក្សាផ្តល់ធាតុចូល និងកិច្ចប្រជុំឆ្លងច្បាប់ ជាមួយក្រសួងជំនាញរបស់រាជដ្ឋាភិបាល ឱ្យកាន់តែផុលផុសថែមទៀត ។
សូមជម្រាបជូនថា ជាទៀងទាត់ គឺនៅរៀងរាល់ចុងខែនីមួយៗ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដោយពុំមានការខកខនឡេីយ។ កិច្ចប្រជុំប្រចាំខែនេះ គឺប្រតិភូសមាជិកឧត្តមត្រូវលេីកបង្ហាញអំពីសកម្មភាពការងារបេសកកម្មនៅតាមបណ្តាខេត្ត/ក្រុង ឆ្លេីយតបនឹងបណ្តឹងប្រជាពលរដ្ឋ រួមនឹងបញ្ហាផ្សេងៗទៀត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!