លោក ស ខេង ៖ នគរបាលជាតិមិនត្រូវបម្រើគ្រួសារខ្លួនឡើយ តែត្រូវបម្រើជាតិជាធំ
ចំពោះមុខស្នងការដ្ឋានគរបាលរាជធានី-ខេត្ត ទាំង២៥ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើទៅនគរបាលទាំងអស់មិនត្រូវបម្រើបក្សពួក និងក្រុមគ្រួសាររបស់ខ្លួនជាធំឡើយ ត្រូវបម្រើជាតិនិងប្រជាពលរដ្ឋជាធំ ។
ក្នុងពិធីប្រគល់រថយន្ដដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបំពេញតួនាទីឲ្យបានត្រឹមត្រូវ ដោយត្រូវបម្រើផលប្រយោជន៍រួមជាតិ និងប្រជាជន មិនត្រូវបម្រើបក្សពួក ឬ ក្រុមគ្រួសារខ្លួនឡើយ ។
លោក ស ខេង បន្ដថា នៅពេលសារព័ត៌មានតាមហ្វេសប៊ុក វេបសាយ កាសែត និងសារព័ត៌មានផ្សេងៗទៀត បានចុះផ្សាយអំពីទុក្ខលំបាកពលរដ្ឋ មន្ត្រីនគរបាល និងភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយឲ្យភ្លាមៗ មិនត្រូវទុកបង្អង់យូរនោះឡើយ ដោយលលោក គូសបញ្ជាក់ថា ព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ជាប្រភពព័ត៌មានដែលសមត្ថកិច្ចត្រូវតាមដាន និងពិនិត្យ ព្រោះព័ត៌មានខ្លះ ជាព័ត៌មានពិតដែលសមត្ថកិច្ចមិនអាចដឹង ដែលត្រូវចុះទៅពិនិត្យផ្ទាល់ ។
ជាក់ស្តែងលោករដ្ឋមន្ត្រី ក៏ទទួលបានព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអំពីកង្វល់របស់ពលរដ្ឋនៅជុំវិញបឹងទន្លេសាប ដោយលោក ក៏បានផ្ដាំផ្ញើស្នងការនគរបាលខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវពិនិត្យក្នុងភូមិសាស្ដ្ររបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា កង្វល់ប្រជាពលដ្ឋរស់នៅទីនោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!