ក្រុមហ៊ុនជប៉ុន គ្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ នៅខេត្តស្វាយរៀង
លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក ណូប៊ុថាកា ថាណាកា (NOBUTAKA Tanaka) តំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ។
ក្នុងឱកាសនោះ លោកតំណាងក្រុមហ៊ុនជប៉ុន បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃនៅក្នុងខេត្តស្វាយរៀង ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថាន និងបំភ្លឺភ្លើងតាមផ្លូវសាធារណៈឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង ។
ជាមួយគ្នានេះ លោកតំណាងក្រុមហ៊ុនជប៉ុន បានស្នើសុំការគាំទ្រពីលោកអភិបាលខេត្ត ជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថានផង ជួយដល់ការសន្សំសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផង ដោយការប្រើប្រាស់ភ្លើងឆ្លាតវៃ នៅលើទឹកដីនៃខេត្តស្វាយរៀង ។
ជាការឆ្លើយតប លោក ម៉ែន វិបុល អភិបាលខេត្តស្វារៀង បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនមីនេបៀមីតស្ស៊ុមិ ជប៉ុន ដែលមានបំណងធ្វើការវិនិយោគ លើភ្លើងបំភ្លឺផ្លូវសាធារណៈ នៅក្នុងខេត្តស្វាយរៀងនៅពេលនេះ ដែលជាគម្រោងដ៏ល្អមួយ នឹងពិតជាចូលរួមចំណែកកាត់បន្ថយទៅលើថ្លៃចំណាយនៃការប្រើប្រាស់ថាមពលអគ្គិសនី ជាពិសេសជួយដល់បរិស្ថាន និងលើកកម្ពស់សោភ័ណភាពនៅក្នុងខេត្ត ផងដែរ ។
ទន្ទឹមនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រ និងស្នើឲ្យក្រុមហ៊ុនសហការក្នុងការសិក្សាជាក់ស្ដែងអំពីចំនួន និងតម្រូវការ នៃការប្រើប្រាស់ពិតប្រាកដ នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀង និងក្រុងបាវិត ដើម្បីផ្លាស់ប្តូរ និងបំពាក់ភ្លើងបំភ្លឺផ្លូវឆ្លាតវៃ នាពេលខាងមុខ ឆាប់ៗនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!