រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិភាក្សាលើគម្រោងគាំទ្ររចនាប្លង់លំអិតនៃការអនុវត្តគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង នៅក្រុងកំពត
រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំរវាងអាជ្ញាធរ មន្ត្រីបច្ចេកទេស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លើគម្រោងគាំទ្ររចនាប្លង់លំអិតនៃការអនុវត្តគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង នៅក្រុងកំពត ដោយមានការចូលរួមដោយលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ក្នុងកិច្ចប្រជុំនេះ បានលើកឡើងជារបៀបវារៈសំខាន់ៗមួយចំនួន ដើម្បីពិនិត្យ និងពិភាក្សា ដោយក្នុងនោះពាក់ព័ន្ធលើគម្រោងគាំទ្រការគ្រប់គ្រង និងអនុវត្តន៍ការរចនាប្លង់លម្អិត ការត្រួតពិនិត្យការសាងសង់សម្រាប់ឈានដល់ការអនុវត្តនៅអនុគម្រោងចំនួន ២ គឺ ៖
ទី១-អនុគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង
ទី២-អនុគម្រោងការគ្រប់គ្រងសំណល់រឹង ក្រុងកំពត
លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងទាំងពីរខាងលើ គឺជាគម្រោងមួយបានសិក្សាវាយតម្លៃជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបានចាប់ផ្ដើម ដំណើរការកសាងថ្មីៗនេះ ហើយកិច្ចប្រជុំនៅពេលនេះ គឺជាលើកដំបូងដែលទាំងអស់គ្នា ត្រូវតែរួមគ្នាពិនិត្យ ពិភាក្សា និងវាយតម្លៃ ឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីធ្វើការកែលម្អដោះស្រាយឲ្យបានសម្រេចសម្រាប់ការអនុវត្តគម្រោងនេះឲ្យទទួលបានលទ្ធផលជោគជ័យ។
ជាមួយគ្នានោះ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងដែរថា គម្រោងខាងលើនេះ គឺជាគម្រោងមួយស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងនៃមហាអនុតំបន់ទន្លេមេគង្គទី២ ក្រោមឥណទានកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យអនុវត្តន៍ក្នុងក្រុងចំនួន២ គឺ ៖ ក្រុងព្រះសីហនុ និងក្រុងកំពត ។
លោកអនុរដ្ឋលេខាធិការ ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចូលរួមបង្កើនកិច្ចសហការធ្វើយ៉ាងណាឲ្យដំណើរការនៃការសាងសង់ប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។
សូមបញ្ជាក់ដែរថា គម្រោងខាងលើនេះ ត្រូវអនុវត្តន៍ជាពីរ ដំណាក់កាល គឺ ៖
- អនុគម្រោងទី១ នៅក្នុងក្រុងកំពត ក្នុងនោះកសាងនៅប្រព័ន្ធប្រមូល និងអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ដោយបានចាប់ផ្ដើមសាងសង់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២១ ក្នុងរយៈពេល ៧២០ថ្ងៃ ដែលថវិកាក្នុងកិច្ចសន្យាសាងសង់ចំនួន ៩.៩៦៩.៧៧៦,៧៩ដុល្លារអាមេរិក ។
- អនុគម្រោងទី២ គឺអាងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ ស្ថិតនៅក្នុងភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូខេត្តកំពត ប៉ុន្តែមិនទាន់បានចុះហត្ថលេខា នៅឡើយទេ គឺស្ថិតនៅស្ថានភាពរចនាប្លង់លំអិត លើផ្ទៃដី ១០ហិកតា ដែលនឹងត្រូវបញ្ចប់នៅចុងត្រីមាសទី១ នឹងធ្វើការដេញថ្លៃ នៅចុងត្រីមាសទី២ រយៈពេលអនុវត្តន៍គម្រោងគឺ ១២ខែ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!