ក្រសួងការងារបញ្ជ្រាបចំណេះដឹងពីវិធានការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់
សិក្ខាកាមប្រមាណជាង ៣០០នាក់ ទទួលបានការបណ្តុះបណ្តាលស្តីពីវិធានការក្នុងការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ ខណៈលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នេះជាបទពិសោធន៍ និងការយល់ដឹងបន្ថែមទៀត ដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការចាត់វិធានការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម-បាតុកម្មខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត ដែលបានចូលរួមអនុវត្តន៍ប្រកបដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេស ការអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការប្រគល់ភារៈកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្របសម្រួលការគ្រប់គ្រងរោងចក្រ សហគ្រាស ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការរក្សាការពារសន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម ។
ទន្ទឹមនឹងនេះ ការរៀបចំ និងការពង្រឹងយន្តការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និងបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល កសាងសមត្ថភាពប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ផងដែរ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍បន្ថែមទៀតដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងនៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ ខិតខំទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម-បាតុកម្ម ដាច់ខាតមិនទុកឱ្យរាលដាលពីតូចទៅធំក្លាយទៅជាបដិវត្តពណ៌បំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សង្គម បំផ្លាញស្ថិរភាពជាតិបានជាដាច់ខាត ដោយត្រូវ ៖
- ក្តាប់សភាពការណ៍ប្រមូលព័ត៌មាន តាមដានរាល់ផែនការសកម្មភាពក្រុមជ្រុលនិយមជ្រកក្រោមស្លាកគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានអមិត្តដែលប៉ុនប៉ងបំផុសកូដកម្ម បាតុកម្ម កុបកម្ម បដិវត្តពណ៌។
- ទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្មបាតុកម្មតាំងពីកន្លែងកើតហេតុនៅរោងចក្រសហគ្រាស នៅតាមមូលដ្ឋានមិនទុកឱ្យប្រមូលផ្តុំទៅជាកម្លាំងធំ។
- អនុវត្តន៍វិធានការច្បាប់ វិធានការរដ្ឋបាល និងវិធានការជំនាញចំពោះពួកមេក្លោង ជនដៃដល់ និងសកម្មជន ដោយមិនលើកលែង។
- បង្កើនកិច្ចសហការជាមួយអង្គការសហជីព សមាគមនិយោជក អង្គការមិនមែនរដ្ឋាភិបាលសង្គមស៊ីវិលផ្សេងៗទៀត កសាងទំនាក់ទំនងល្អដើម្បីគ្រប់គ្រងទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្មបាតុកម្ម។
- ពង្រឹងការគ្រប់គ្រងវិន័យផ្ទៃក្នុងក្រសួងស្ថាប័ន អង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពកងកម្លាំងប្រដាប់អាវុធ ពង្រឹងធ្លុងសាមគ្គីឯកភាព គោរព និងអនុវត្តន៍ច្បាប់ បទបញ្ជា ប្តេជ្ញាចូលរួមប្រឆាំងកូដកម្ម បាតុកម្ម ប្រឆាំងបដិវត្តពណ៌ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។
- ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌នៃយន្តការគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់ថ្នាក់ ពង្រឹងការសហការរវាងគ្រប់កម្លាំងមានសមត្ថកិច្ចគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់។
- បណ្តុះបណ្តាលមន្រ្តី គ.ក.ប និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់អំពីការគ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌។
- រៀបចំកម្លាំងត្រៀមបម្រុង និងកសាងផែនការគ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត។
- ពង្រឹងការងារព័ត៌មានបំភ្លឺសាធារណមតិជាតិ-អន្តរជាតិចំពោះរាល់ករណីកូដកម្ម-បាតុកម្ម និងសកម្មភាពល្មើសច្បាប់របស់ក្រុមជ្រុលនិយម ដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ អង្គការសហជីព អង្គការមិនមែនរដ្ឋាភិបាល បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឃោសនា និងអ្នកការទូត។
- ត្រូវគ្រប់គ្រងករណីឧបទ្ទវហេតុផ្សេងៗ ដូចជា ឃាតកម្មនយោបាយ ឃាតកម្មលើសកម្មជនល្បីៗ សិល្បករល្បីៗ ព្រឹត្តិការណ៍កីឡា បុណ្យជាតិ អន្តរជាតិ និងហានិភ័យជាយថាហេតុ។ ត្រូវមានផែនការទប់ស្កាត់ និងដោះស្រាយការបំផុសចលាចលបង្កើតបដិវត្តពណ៌តាមករណីនីមួយៗ។
- ខិតខំអនុវត្តន៍បទបញ្ជាលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម និងសារាចរណែនាំលេខ១០សរណន ស្តីពីការប្រគល់ភារកិច្ចជូនអភិបាលរាជធានី ខេត្ត ជួយសម្រួលដល់ការគ្រប់គ្រងរោងចក្រ សហគ្រាស ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានី ខេត្ត។
- ត្រូវខិតខំដោះស្រាយករណីរោងចក្រ សហគ្រាសដួលរលំ ដោយថៅកែរត់ចោល តាមស្មាតីលិខិតលេខ ២៣៩ សជណ.អវ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ទីស្តីការគណរដ្ឋមន្រ្តី និងសេចក្តីសម្រេច លេខ០២គកប ចុះថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបង្កើតគណកម្មការដោះករណីរោងចក្របិទទ្វាដោយម្ចាស់រត់ចោល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!