ក្រុមសហជីព ដាក់ញត្តិនៅក្រសួងការងារជំទាស់នឹងការបង្កើតច្បាប់ ស្តីពីសហជីព
សំឡេង៖
តំណាងសហជីព និង សមាគមន៍ជាង ២០ នៅព្រឹកថ្ងៃអង្គារិ៍នេះ បានដាក់ញត្តិនៅក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ញាជីវៈ ជំទាស់នឹងការបង្កើតច្បាប់ស្តីពីសហជីព ដោយអះអាងថា ច្បាប់នេះមិនឆ្លុះបញ្ចាំង ក្នុងការបំរើ ផលប្រយោជន៍សហជីព និងកម្មករនោះទេ បែរជាធ្វើអោយសហជីពឯករាជ្យមួយចំនួនដែលជំទាស់រដ្ឋាភិបាល និងត្រូវសាបសូន្យ។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើឡើងថា ច្បាប់ស្តីពីសហជីព ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងព្រាង និងបង្កើតនេះ មិនបានឆ្លុះបញ្ជាំងពីការការពារផលប្រយោជន៍ និងការ ការពារសិទ្ធិសេរីភាព ជូនក្រុមកម្មករ និយោជិតនោះទេ។ ផ្ទុយទៅវិញច្បាប់សហជីពដែលគ្រោងបង្កើតនេះ បែរជា គម្រាមកំហែងយ៉ាងខ្លាំងដល់ការងាររបស់ បណ្តាសហជីព និងសហគមន៍ដែលឯករាជ្យ បំរើផលប្រយោជន៍កម្មករ។
យ៉ាងណាក៏ដោយ លោក វ៉ន ពៅ បញ្ជាក់ថា ប្រសិនបើ ការដាក់ញត្តិរបស់ពួកលោក ពុំទទួលបានការឆ្លើយតបពីក្រសួងការងារនោះទេ ហើយច្បាប់សហជីពនេះ នៅតែលិចជារូបរាងឡើង នោះសហជីបនឹងនៅតែប្រកាន់ជំហរ ធ្វើការតវ៉ា។ លោកបានព្រមានទៅកាន់រដ្ឋសភាជាតិថា បើនៅតែបោះឆ្នោតអនុម័ត នូវច្បាប់នេះ នឹងធ្វើឲ្យកម្មករទាំងអស់ អស់សេចក្តីទុកចិត្ត ឈប់បោះឆ្នោតឲ្យគណៈបក្សទាំងនោះ។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ បានរៀបរាប់នូវចំនុចអវិជ្ជមាននៅក្នុងច្បាប់សហជីព ។
កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាសហជីពជាតិ និងសហព័ន្ធសហជីព ចំនួន ៦៥ បានគាំទ្រ និងជុំរុញអោយបង្កើតច្បាប់ស្តីពីសហជីពនេះ។ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាសហជីពមួយក្នុងចំណោមសហជីពទាំង ៦៥ ដែលគាំទ្រឲ្យមានច្បាប់នេះ បានអោយដឹងថា កន្លងទៅច្បាប់នេះ ត្រូវបានគេយកមកធ្វើការពិភាក្សាជាត្រីភាគី ក្នុងសិក្ខាសិលាថ្នាក់ជាតិជាច្រើនដងរួចមកហើយ ដើម្បីធ្វើការកែសម្រួលចំនុចមួយចំនួន ដែលខុសចន្លោះ។ យ៉ាងណារហូតមកទល់ពេលនេះ លោកគាំទ្រអោយមានច្បាប់ស្តីពីសហជីពនេះកើតមាននៅក្នុងប្រទេសកម្ពុជា ដើម្បីការពារសិទ្ធិសេរីភាពរបស់ក្រុមកម្មករនិយោជិត។ លោកក៏បានរៀបរាប់ពីភាពចំរុងចំរះមួយចំនួន ដែលសហជីពផ្សេងៗមានការព្រួយបារម្ភ។
លោក មឿន តុលា ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ យល់ឃើញថា ការបង្កើតច្បាប់នេះ ហាក់មានការលាក់បាំង ទោះជាកន្លងទៅ ធ្លាប់មានការពីគ្រោះយោបល់យ៉ាងណាក្តី ដូច្នេះចំពោះលោក យល់ថា កម្ពុជា មិនគួរមានច្បាប់នេះ នោះទេ ព្រោះថា កម្ពុជាច្បាប់គ្រប់គ្រាន់ហើយ។ តែបើរដ្ឋាភិបាល នៅតែមានៈចង់បង្កើតច្បាប់នូវនេះ លោកស្នើឲ្យមានការបើកទូលាយជាសាធារណៈ។
គូសបញ្ជាក់ថា ក្រសួងការងារ ធ្លាប់បានអះអាងថា ច្បាប់ស្តីពីសហជីព បង្កើតឡើងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត រួមមានធានានូវសិទ្ធិសេរីភាពនៃ អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក។ និងរួមចំណែកក្នុងការបង្កើតការងារសមរម្យ និង ដើម្បីបង្កើនផលិតភាព អភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាព របស់កម្មករនិយោជិត តែទោះជាមានការបញ្ជាក់ពីក្រសួងការងារពីផលប្រយោជន៍ស្តីពីច្បាប់យ៉ាងនេះក្តី ក៏តំណាងសហជីព និងសមាគមន៍មួយចំនួន នៅតែធ្វើការប្រឆាំងចំពោះការតាក់តែងច្បាប់នេះ លុះត្រាតែខ្លឹមសារនៃច្បាប់នេះ សបញ្ជាក់ពីផលប្រយោជន៍ដល់កម្មករនិយោជិត ពិតប្រាកដ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!